លោក Kirill Timoshenko អគ្គសេនាធិការរងអ៊ុយក្រែនបាននិយាយថា ទីក្រុងកៀវបានចាប់ផ្តើមសាងសង់ជញ្ជាំងនៅតាមព្រំដែនជាមួយប្រទេសបេឡារូស។
យោងតាមសារព័ត៌មាន RT បានផ្សាយថា លោក Timoshenko បាននិយាយថា ការសាងសង់របងលួសបន្លា ជញ្ជាំង និងជញ្ជាំងថ្មផ្សេងទៀតកំពុងដំណើរការនៅក្នុងតំបន់ភាគខាងលិចនៃតំបន់ Volyn, Rovno និង Zhytomyr ។
លោកបានបន្តថា៖ «ខ្សែបន្ទាត់ព្រំដែនប្រហែល៣គីឡូម៉ែត្រត្រូវបានគេរារាំង ហើយការសាងសង់នៅតែដំណើរការ។ នេះមិនមែនជាគម្រោងទាំងមូលទេ ប៉ុន្តែយើងនឹងមិនបង្ហាញព័ត៌មានលម្អិតនោះទេ»។
ដោយសារព្រំដែនរវាងអ៊ុយក្រែន និងបេឡារូសមានប្រវែងជាង ១000 គីឡូម៉ែត្រ របងខាងលើគ្របដណ្តប់តែផ្នែកតូចមួយនៃព្រំដែនប៉ុណ្ណោះ។ ក្នុងពេលជាមួយគ្នានេះ មន្ត្រីអ៊ុយក្រែនបាននិយាយថា ដោយសារតែផ្នែកធំនៃព្រំដែនស្ថិតនៅលើដីរដេិបរដុប វាលភក់ និងទន្លេ វាមិនចាំបាច់សាងសង់ជញ្ជាំងតាមបណ្ដោយទាំងមូលនោះទេ។
អ៊ុយក្រែនបានស្នើផែនការសាងសង់ជញ្ជាំងព្រំដែនជាមួយបេឡារូសកាលពីឆ្នាំមុនចំពេលមានការព្រួយបារម្ភអំពីរលកនៃការធ្វើចំណាកស្រុកខុសច្បាប់ និងវត្តមានទាហានរុស្ស៊ីក្នុងប្រទេសជិតខាង។ ទីក្រុងកៀវបានចោទប្រកាន់ទីក្រុង Minsk ម្តងហើយម្តងទៀតថាជាភាគីនៃជម្លោះជាមួយទីក្រុងមូស្គូ ដោយសារតែការគាំទ្រផ្នែកភស្តុភារ និងយោធភូមិភាគរបស់កងទ័ពរុស្ស៊ី។ ទោះជាយ៉ាងណា បេឡារូសបានបដិសេធការចោទប្រកាន់នេះ។
កាលពីខែធ្នូឆ្នាំមុន ប្រធានសភាអ៊ុយក្រែន លោក Ruslan Stefanchuk បាននិយាយថា ការចំណាយលើការសាងសង់ជញ្ជាំងព្រំដែនត្រូវបានគេប៉ាន់ស្មានថាមានចំនួន ១៧ពាន់លាន hryvnia (ច្រើនជាង $622 លានដុល្លារអាមេរិក)៕
ដោយ៖ ធីរីណា(រូបថត៖ RT)