ព័ត៌មានទាន់ហេតុការណ៍៖

លោក លឹម គានហោ ដឹកនាំជំនាញ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ បានចុះធ្វើការអន្តរាគមន៍ជាបន្ទាន់ ដើម្បីបិទផ្ចិតរក្សាខ្ចប់ទឹកទុកនៅទំនប់បង្ហៀរ១មករា ( អាងស្ទឹងជីនិត)

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការនិងជាប្រធានមុខព្រួញខេត្តកំពង់ធំ លោក ព្រឹម រដ្ឋា អភិបាលរងខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តព្រៃវែង លោកអភិបាលស្រុកបារាយណ៍ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ បានចុះធ្វើការអន្តរាគមន៍ជាបន្ទាន់ ដើម្បីបិទផ្ចិតរក្សាខ្ចប់ទឹកទុកនៅទំនប់បង្ហៀរ១មករា ( អាងស្ទឹងជីនិត) ដែលបានហូរច្រោះបាក់ដាច់ទំនប់បង្ហៀរប្រវែងប្រមាណ​ ៥០ ម៉ែត្រ​ ជម្រៅប្រហែល​ ៤ ម៉ែត្រ​ ស្ថិត​នៅ​ក្នុង​ឃុំ​បាល័ង្គ​ ស្រុកបារាយណ៍​ ខេត្ត​កំពង់​ធំ​​ កាលពីវេលាម៉ោង​ ២រំលងអធ្រាតឈានចូលថ្ងៃទី​១២ ខែវិច្ឆិកា​ ឆ្នាំ​២០២២ នេះ​ ។

សូមបញ្ជាក់ជូនថា​ ៖ សំណង់ខាងលេី​នេះ​ ជាប្រភេទ​សំណង់ចាស់តាំង​ពី​ជំនាន់​ប៉ុលពត​ ហេីយ​ត្រូវ​បានជួសជុល​ និង​កែលម្អសម្រាប់​ប្រើ​ប្រាស់​ឡេីង​វិញ​នៅឆ្នាំ​ ២០០៤ មានប្រវែង​ ៧៥០ ម៉ែត្រ ។ ដោយ​ស្ថានភាព​ទំនប់​មាន​សភាព​ចាស់ទ្រុឌទ្រោម ត្រូវបានក្រសួងធនធានទឹក​ និងឧតុនិយម​ និងមន្ទីរធនធានទឹក​ និងឧតុនិយមខេត្ត​ បានធ្វើការជួសជុលម្តងរួចមកហើយកាលពីរដូវប្រាំងឆ្នាំ​ ២០២០ ដែល​ការជួសជុលនេះ​ គឺផ្នែកតួទំនប់បង្ហៀរមួយកំណាត់ដើម្បីប្រើប្រាស់បណ្តោះអាសន្នជាបណ្តើរៗតែ​ប៉ុណ្ណោះ​ ដោយ​រងចាំការ​ធ្វើ​ទំនើបកម្ម​លេី​ប្រព័ន្ធ​ធារាសាស្ត្រ​ស្ទឹង​ជីនិត​ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​តំណាក់កាល​ដេញ​ថ្លៃ​ និង​ឈាន​ទៅ​អនុវត្ត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ក្រោម​ហិរញ្ញ​ប្បទាន​ពី​ IAIP-ADB ។ ការហូរ​ច្រោះ​បាក់ដាច់ទំនប់នេះ​ ពុំរងផលប៉ះពាល់ដល់ផ្ទះសម្បែង​ អាយុជីវិតប្រជាពលរដ្ឋនិងសត្វពាហនៈទេ​ , តែបានបណ្តាលឲ្យទឹកស្រកនៅសល់កម្ពស់ធម្មតាស្មើមាត់ស្ទឹង 

ជាវិធានការចំពោះមុខ  លោករដ្ឋមន្ត្រី បានចាត់បញ្ជាឲ្យធ្វើប្រតិបត្តិការអន្តរាគមន៍ជាបន្ទាន់ដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ជាច្រើនគ្រឿង  និងពេលវេលាយ៉ាងយូរ០៣ថ្ងៃ  ដើម្បីជួសជុលបិតផ្ជិតទំនប់ឡើងវិញ រក្សាខ្ចប់វិចទឹកទុកក្នុងអាងស្ទឹងជីនិត (ជាអាងទឹកទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងព្រៃឡង់ នៅផ្នែកខ្លះនៃខេត្តក្រចេះ ព្រះវិហារ និងខេត្តកំពង់ធំ ) ឲ្យបានដូចដើមវិញក្នុងបរិមាណ ៤០លានម៉ែត្រគូប 

ដោយ : សុខ ខេមរា


ចែករំលែក៖