ភ្នំពេញ ៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វារវាងក្រសួងបរិស្ថានកម្ពុជាតំណាងដោយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រសួងបរិស្ថានព្រៃឈើ និងប្រែប្រួលអាកាសធាតុឥណ្ឌាតំណាងដោយេឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកអនុប្រធានាធិបតីឥណ្ឌា Jagdeep Dhankha នៅរាជធានីភ្នំពេញ។
ផ្នែកលើកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រជាជនកម្ពុជា ទើបកម្ពុជាមានឱកាសយកត្រឡប់មកវិញនូវប្រភេទសត្វកម្រនៅលើទឹកដីកម្ពុជាជាពិសេសប្រភេទសត្វខ្លាធំ។
គួរបញ្ជាក់ថា កម្ពុជាបានចូលរួមចិត្តក្នុងវេទិកាអន្តរជាតិ កាលពីឆ្នាំ២០១០ ស្តីពីការអភិរក្ស និងបង្កើនចំនួនសត្វខ្លាធំនៅក្នុងព្រៃឱ្យបានចំនួនទ្វេដងនៅឆ្នាំ២០២២ និងបានរៀបចំផែនការសកម្មភាពរបស់ខ្លួនស្ដីពីសត្វខ្លាធំ (ឆ្នាំ២០១៥-២០២៤)។ រាជរដ្ឋាភិបាលកម្ពុជាគាំទ្រកម្មវិធីស្តារសត្វខ្លាធំ ហើយការគាំទ្រផ្នែកនយោបាយលើកម្មវិធីនេះបានធ្វើឱ្យកម្ពុជាជាប្រទេសទីមួយនៅតំបន់អាស៊ានធ្វើការនាំយកសត្វខ្លាធំចូលព្រៃធម្មជាតិវិញ។
បណ្តាប្រទេសនៅលើពិភពលោកដែលមានសត្វខ្លាធំ ជាពិសេសប្រទេសឥណ្ឌា ជាប្រទេសមានចំនួនសត្វខ្លាធំច្រើនជាងគបំផុតបានគាំទ្រកម្ពុជាក្នុងការអនុវត្តកម្មវិធីស្តារសត្វខ្លាធំឡើងវិញ។ អនុស្សារណៈនៃការយោគយល់រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបរិស្ថាន ព្រៃឈើ និងប្រែប្រួល អាកាសធាតុនៃសាធារណរដ្ឋឥណ្ឌា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្ត្រស្តារសត្វខ្លាធំ និងទីជម្រករបស់វា ដែលអនុវត្តជំហានដំបូងនៅតំបន់ជួរភ្នំក្រវាញ និងបន្ទាប់មកអនុវត្តនៅតំបន់អភិរក្សកែវសីម៉ា។
ការចុះអនុស្សរណៈនៃការយោគយល់នេះ គឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃការបង្កើនទំនាក់ទំនង និងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ឥណ្ឌា ជាពិសេសរវាងក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបរិស្ថាន ព្រៃឈើ និងប្រែប្រួលអាកាសធាតុនៃសាធារណរដ្ឋឥណ្ឌា ក្នុងវិស័យបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។
អនុស្សរណៈនៃការយោគយល់នេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរទៅលើបញ្ហាដូចខាងក្រោម៖ ក) ជំរុញការអភិរក្សជីវៈចម្រុះដោយផ្តោតលើការអភិរក្ស និងស្តារសត្វខ្លាធំនៅប្រទេសកម្ពុជា ជាពិសេសនៅតំបន់ទេសភាពសំខាន់ៗ រួមមានជួរភ្នំក្រវាញ និងខ្ពង់រាបភាគខាងកើតកុំឱ្យផុតពូជពីកម្ពុជា។ ខ) ផ្តល់ពូជសត្វខ្លាធំពីប្រទេសឥណ្ឌា និងជំរុញកិច្ចសហប្រតិបត្តិការការពារសត្វខ្លាធំឱ្យរស់នៅក្នុងព្រៃធម្មជាតិបានជោគជ័យ។ ចែករំលែក និងផ្លាស់ប្តូរជំនាញ និងសមត្ថភាពក្នុងគោលដៅជំរុញការអភិរក្សសត្វខ្លាធំនៅក្នុងប្រទេសទាំងពីរ។ គ) ជំរុញការអភិរក្សសត្វព្រៃដោយចែករំលែកបទពិសោធន៍ល្អៗ នៃការអនុវត្តបច្ចេកវិទ្យា ការរកចំណូលចិញ្ចឹមជីវិតសម្រាប់សហគមន៍ រស់នៅក្នុងដែនជម្រកសត្វព្រៃ និងការគ្រប់គ្រងជីវៈចម្រុះប្រកបដោយនិរន្តរភាព។ ប្រទេសទាំងពីរនឹងគាំទ្រឱ្យមានការវិវឌ្ឍន៍ទៅមុខ នៅក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការនេះ និងគោរពទស្សន:គា្នទៅវិញទៅមក៕
ដោយ ៖ សហការី