ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយជាង ៥០លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន៤

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៥១.៣លានដុល្លារអាមេរិក សម្រាប់ការអនុវត្តលើគម្រោងសំខាន់ៗចំនួន៤។

ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន ក្រោយជំនួបទ្វេភាគី នៅសណ្ឋាគារសុខាភ្នំពេញ។ 

លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ត្រូវបានចុះហត្ថលេខាដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក កាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ឯកសារទាំងនោះមានដូចខាងក្រោម៖

១-គម្រោងសាងសង់អគារហ្វឹកហ្វឺន និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលមានទឹកប្រាក់ចំនួន ២.៤៥១លានយ៉េន (ប្រមាណ ១៧លានដុល្លារអាមេរិក)

២-កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ១.១៥០ លានយ៉េន (ប្រមាណ ៨លានដុល្លារអាមេរិក)

ទ៣-គម្រោងកែលម្អការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រដែលអាចចម្លងមេរោគ ដែលមានទឹកប្រាក់ចំនួន ៤៣៦លានយ៉េន (ប្រមាណ ៣លានដុល្លារអាមេរិក)

៤-គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រោងចក្រភូមិព្រែក ចំនួន ៣.៣៦១លានយ័ន (ប្រមាណ ២៣លាន ៣សែន ដុល្លារអាមេរិក)។

ក្នុងពេលជាមួយគ្នានោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏នឹងចុះហត្ថលេខាលើឯកសារជាមួយភាគីជប៉ុនដូចខាងក្រោម៖

-កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងចំនួន០៣ខាងលើ ដែលអនុវត្តដោយ JICA ជាមួយលោកស្រី កាមេ ហារូកុ (KAME Haruko ប្រធានការិយាល័យទីភ្នាក់ងារកិច្ចសហប្រតិបត្តិការជប៉ុន (JICA) ប្រចាំកម្ពុជា

-អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រុមហ៊ុន Toyota Tsusho Corporation ជាមួយលោក (តូហ្ស៉ីមីតស៊ូ អ៉ីម៉ៃ) Toshimitsu Imal អគ្គនាយករងប្រតិបត្តិក្រុមហ៊ុន Toyota Tsusho Corporation។

ហិរញ្ញប្បទានឥតសំណង ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕

ដោយ : សុខ ខេមរា


ចែករំលែក៖