ខេត្តពោធិ៍សាត់ ៖ កម្លាំងថ្នាក់ជាតិ(កងរាជអាវុធហត្ថ និងនគរបាល)ប្រចាំបឹងទន្លេសាប មន្ត្រីជំនាញរដ្ឋបាលជលផល និងមន្រ្តីកងកម្លាំងស្ថាប័នពាក់ព័ន្ធ ខេត្តពោធិ៍សាត់ ប្រមាណចំនួន២៨នាក់មធ្យោបាយដោយកាណូត៦គ្រឿង ចុះល្បាត និងកម្ទេចឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល ។
ករណីសមត្ថកិច្ចសហការចុះពិនិត្យ និងបង្រ្កាបឧបករណ៍ចាប់ត្រីនេះ ធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ៤រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើផ្ទៃទឹកបឹងទន្លេសាប ចាប់ពីព្រែកក្បាលតោលរហូតដល់ព្រែកដីរនាត ស្ថិតនៅភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់បានឲ្យដឹងថា លទ្ធផលៈ ២ករណី ដោយបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាង របាំងសាច់អួនចំនួន៣ខ្សែ មានប្រវែង២៤០០ម៉ែត្រ ក្បាលបរចំនួន៦គ្រឿង បង្គោលចំរឹងចំនួន៤៨០ដើម ចាក់លែងត្រីចំរុះចូលទឹកបឹងទន្លេសាបវិញចំនួន៣០គីឡូក្រាម និងសាច់ឈ្នក់ ទំហ៊ំ(១៧មីលីម៉ែត្រ គុណ០៤មីលីម៉ែត្រ គុណ០៤មីលីម៉ែត្រ គុណ០,១២មីលីម៉ែត្រចំនួន២វង់ ថែមទាំងបង្គោលចំរឹងចំនួន៩០០ដើមផងដែរ ៕
ដោយ៖ ប៉ឹម ពិន