ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាកំពូលទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីកាណាដា

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសន្ទនាកំពូលទ្វេភាគីជាមួយឯកឧត្តមចាស្ទីន ទ្រូដូ(Justin Trudeau) នាយករដ្ឋមន្ត្រី នៃប្រទេសកាណាដា។ 

ក្នុងជំនួបកំពូលនោះ ឯកឧត្តមចាស្ទីន ទ្រូដូ មានប្រសាសន៍គោរពអំណរគុណជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ចំពោះការទទួល និងអញ្ជើញឯកឧត្តមមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ និងសូមគោរពវាយតម្លៃខ្ពស់ចំពោះវិធានការដែលសម្ដេចតេជោប្រកាន់យកចំពោះការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន និងវិធានការដើម្បីជួយមីយ៉ាន់ម៉ាឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ។ 

ឯកឧត្តម ទ្រូដូ បានគូបញ្ជាក់ថា អាស៊ាន និងកាណាដា រួមទាំងប្រទេសកម្ពុជា គឺមានសក្ដានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ស្ថិតនៅចំណុចកណ្ដាលនៃកិច្ចសហប្រតិបត្តិការរយៈពេលវែង ពិសេសទំនាក់ទំនងលើវិស័យពាណិជ្ជកម្មការទូត អប់រំ ការប្រែប្រួលអាកាសធាតុជាដើម។ 

សម្ដេចតេជោបានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការទាំងក្របខ័ណ្ឌអាស៊ាន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ បានជម្រាបជូនឯកឧត្តម ទ្រូដូ អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនក្នុងការជួយដល់ប្រទេសអ៊ុយក្រែនលើការដោះមីនផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖