ព័ត៌មានទាន់ហេតុការណ៍៖

ទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមលេងល្បែងកំសាន្ត និងពិសាអាហារបែបពិកនិច ក្នុងកម្មវិធី ASEAN Committee in Tokyo (ACT) Family Day 2022

ចែករំលែក៖

ប្រទេសជប៉ុន ៖ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងសហការី ព្រមទាំងក្រុមគ្រួសារ បានចូលរួមលេងល្បែងកំសាន្ត និងពិសាអាហារបែបពិកនិច ក្នុងកម្មវិធី ASEAN Committee in Tokyo (ACT) Family Day 2022 ដែលដឹកនាំរៀបចំឡើងដោយស្ថានទូតហ្វីលីពីនប្រចាំប្រទេសជប៉ុន និងមានការចូលរួមពីសំណាក់ក្រុមគ្រួសារស្ថានទូតអាស៊ានផ្សេងទៀត ប្រចាំប្រទេសជប៉ុន មន្រ្តីមកពីក្រសួងការបរទេសជប៉ុន និងមជ្ឈមណ្ឌលអាស៊ានជប៉ុន នៅឧទ្យាន Kasai Rinkai ។

ក្នុងឱកាសនោះ ស្ថានឯកអគ្គរាជទូតកម្ពុជា ក៏បានរៀបចំអាហារ និងបង្អែម បែបខ្មែរ ដើម្បីចែករំលែក ជាមួយបណ្តាស្ថានទូតដែលជាសមាជិកអាស៊ានផ្សេងទៀតផងដែរ ។

គួររំលឹកដែរថាកម្មវិធី ACT Family Day ជាកម្មវិធីមួយដែលបង្កើតឡើងដោយគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ ដែលស្ថានទូតនៃប្រទេសសមាជិកអាស៊ានប្រចាំប្រទេសជប៉ុន បានដាក់វេនគ្នាក្នុងការដឹកនាំរៀបចំ ក្នុងគោលបំណងបង្កើនមិត្តភាព និងភាពស្និទ្ធស្នាលរវាងប្រទេសសមាជិកគណៈកម្មាធិការអាស៊ាន នៅទីក្រុងតូក្យូ និងប្រទេសជប៉ុនដែលជាម្ចាស់ផ្ទះ៕

ដោយ ៖ សហការី


ចែករំលែក៖