ព័ត៌មានទាន់ហេតុការណ៍៖

លោកបៃដិន បង្ហាញការពេញចិត្តយ៉ាងខ្លាំងក្រោយគណបក្សប្រជាធិបតេយ្យយកឈ្នះក្នុងព្រឹទ្ធសភា

ចែករំលែក៖

គណបក្សប្រជាធិបតេយ្យពេញចិត្តនឹងលទ្ធផលបោះឆ្នោតរហូតមកដល់ពេលនេះ ហើយរំពឹងថានឹងបង្កើនសំឡេងភាគច្រើនជាក់លាក់ប្រសិនបើយកឈ្នះនៅរដ្ឋហ្ស៊កហ្ស៊ី។
លោក Biden បាននិយាយទៅកាន់សារព័ត៌មាន CNN ដែល ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកាថា “យើងសប្បាយចិត្តនឹងជំហររបស់យើង ហើយខ្ញុំដឹងថាខ្ញុំជាអ្នកសុទិដ្ឋិនិយម ខ្ញុំមិនភ្ញាក់ផ្អើលនឹងលទ្ធផលនោះទេ ខ្ញុំពិតជារីករាយនឹងលទ្ធផលនេះ”។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២បានផ្សាយថា បណ្តាញសារព័ត៌មានធំៗរបស់សហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលានៅទីក្រុងវ៉ាស៉ីនតោន) បានប្រកាសរួចជាស្រេចថា គណបក្សប្រជាធិបតេយ្យនឹងបន្តរក្សាការគ្រប់គ្រងនៅក្នុងព្រឹទ្ធសភាអាមេរិកដដែល បន្ទាប់ពីលទ្ធផលបានបង្ហាញថា សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ លោកស្រី ខាថឺរីន ឃ័រថេស ម៉ាស្តូ (Catherine Cortez Masto) ជាប់ឆ្នោតសាជាថ្មីនៅរដ្ឋណេវ៉ាដា (Nevada)។
គណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋទទួលបានអាសនៈចំនួន៤៩ស្មើគ្នា កាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅពេលលោក ម៉ាក ខេលី (Mark Kelly) មកពីបក្សប្រជាធិបតេយ្យត្រូវបានគេប្រកាសថា ទទួលជ័យជម្នះក្នុងការប្រកួតប្រជែងនៅរដ្ឋអារីហ្សូណា (Arizona)។ ដោយឡែក មកដល់ថ្ងៃសៅរ៍ បន្ទាប់ពីសន្លឹកឆ្នោតប្រមាណ៩៦ភាគរយត្រូវបានរាប់រួចរាល់ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក រួមមានទាំង CNN និង NBC ក៏ដូចជាក្រុមហ៊ុនស្ទង់មតិ Edison Research បាននាំគ្នាព្យាករថា លោកស្រី ម៉ាស្តូ គឺជាអ្នកឈ្នះ ដែលនាំឱ្យអាសនៈនៅព្រឹទ្ធសភា របស់បក្សប្រជាធិបតេយ្យកើនដល់៥០។
ជ័យជម្នះរបស់លោកស្រី ម៉ាស្តូ នេះ ធានាថា គណបក្សរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងគ្រប់គ្រងយ៉ាងហោចណាស់ក៏៥០អាសនៈដែរ នៅក្នុងព្រឹទ្ធសភាដែលមានអាសនៈសរុបចំនួន១០០។ ប្រសិនបើសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ លោក រ៉ាហ្វាអ៊ែល វ៉ាណុក (Raphael Warnock) ទទួលបរាជ័យក្នុងការបោះឆ្នោតជុំចុងក្រោយ នៅរដ្ឋចចជៀ (Georgia) នាខែក្រោយ ដែលអាចនឹងធ្វើឱ្យគណបក្សទាំងពីរ មាន៥០អាសនៈក្នុងដៃដូចគ្នាក៏ដោយ ក៏អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) មានសិទ្ធិបោះឆ្នោតសម្រេចចុងក្រោយ ក្នុងករណីដែលការបោះឆ្នោតអនុម័តសេចក្តីព្រាងណាមួយ ស្ថិតក្នុងសភាពជាប់គាំង៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ zingnews.vn)


ចែករំលែក៖