ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ជប់ដោយជោគជ័យ ជាមួយនឹងផ្លែផ្កាគួរជាទីមោទនៈបំផុតសម្រាប់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ជប់ដោយជោគជ័យ ជាមួយនឹងផ្លែផ្កាគួរជាទីមោទនៈបំផុតសម្រាប់កម្ពុជា។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងមណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ 

លោក ហ៊ុនម៉ានី បានថ្លែងបន្តថា, យើងខ្ញុំពិតជាសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះភាពជោគជ័យជាប្រវត្តិសាស្រ្តនេះ។ 

លោកបន្តថា, ទន្ទឹមនឹងនេះ យើងខ្ញុំក៍សូមថ្លែងអំណរគុណជាពិសេសដល់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយនឹងមន្រ្តីកិច្ចការបរទេសគ្រប់ជាន់ថ្នាក់ ចំពោះការដាក់ចេញ និងចូលរួមអនុវត្តនូវផែនការការងារបានយ៉ាងមានប្រសិទ្ធិភាព មិនថាលើទិដ្ឋភាពនយោបាយ ខ្លឹមសារ និងបច្ចេកទេស។  ភាពជោគជ័យនេះ ក៏មិនអាចផ្តាច់ចេញផងដែរ ពីការចូលរួមយ៉ាងសស្រាក់សស្រាំពីថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នជាតិនានា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ដោយធ្វើយ៉ាងណាឲ្យកិច្ចប្រជុំទាំងមូលប្រព្រឹត្តិទៅបានដោយរលូន។ 

លោកបញ្ជាក់ថា, ក្នុងនាមជាប្រជាពលរដ្ឋ យើងខ្ញុំពិតជាមានមោទនភាពក្រៃលែង និងសូមសំដែងនូវភាពជឿជាក់ខ្ពស់បំផុតចំពោះសមត្ថភាពកម្ពុជាមិនថាក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ជយោ ព្រះរាជាណាចក្រកម្ពុជា! ។

ដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា : (ជាមោទនភាពរបស់កម្ពុជានៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ បានដឹកនាំសម្របសម្រួលការងាររហូតបានសម្រេចលទ្ធផលធំៗជាច្រើន ទោះបីជាត្រូវប្រឈមបញ្ហាស្មុគស្មាញជាច្រើននៅក្នុងតំបន់ និងនៅលើសកលលោក👏👏)🇰🇭 ៕

ដោយ ៖ សិលា


ចែករំលែក៖