ភ្នំពេញ ៖ សុន្ទរកថាបិទ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង ពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ និង ពិធីផ្ទេរតំណែងប្រធានអាស៊ាន ជូនឥណ្ឌូនេស៊ី រាជធានីភ្នំពេញ, ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២
ព្រះចៅស៊ុលតង់ ឯកឧត្ដម ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ឯកឧត្តមអគ្គលេខាធិការអាស៊ាន
ឯកឧត្តម លោកជំទាវ លោក លោកសី រយៈពេល ១ ឆ្នាំ បានកន្លងផុតទៅ បន្ទាប់ពីខ្ញុំបានទទួលតំណែងជាប្រធានអាស៊ាន ពី ព្រះចៅ ពី ស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah) នៃប៊្រុយណេ ដារូសាឡាម នៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ ។ នេះ គឺជារយៈពេល ១ ឆ្នាំ ពោរពេញទៅដោយអនុស្សាវរីយ៍ និង ជាប្រវត្តិសាស្ត្រសម្រាប់រូបខ្ញុំផ្ទាល់ និងកម្ពុជា ដែលមានកិត្តិយសដ៏ឧត្តុង្គឧត្តម បានទទួលតំណែងជា ប្រធានប្តូរវេនរបស់អាស៊ាន ។
ខណៈដែលយើង បាន និងកំពុងខិតខំស្ដារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ និង ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ានោះ ស្ថានភាពមិនរំពឹងទុក ក៏បានកើតមានឡើង ដែលមានប៉ះពាល់ ធ្ងន់ធ្ងរដល់សន្តិសុខ សេដ្ឋកិច្ច និងសង្គម ។ ទោះជាយ៉ាងនេះក្តី អាស៊ានបានគ្រប់គ្រង និងសម្រប- សម្រួលលើបញ្ហាប្រឈមទាំងនោះ រហូតទទួលបានលទ្ធផលជាច្រើនគួរជាទីគាប់ចិត្ត ។ យើងពិតជា បានអនុវត្តតាមមូលបទនៃភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំនេះ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គា្ន (ASEAN A.C.T: Addressing Challenge Together)» 1
ខ្ញុំមានសេចក្តីរីករាយដែលកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ ត្រូវបានបញ្ចប់ដោយជោគជ័យ និងសូមអគុណចំពោះកិច្ចសហប្រតិបត្តិការពេញលេញ ការគាំទ្រ និងភាពទន់ភ្លន់ ដែលបានផ្ដល់ឱ្យដោយប្រទេសជាសមាជិកអាស៊ាន និងប្រទេសជាដៃគូ និងបាននាំ មកនូវសមិទ្ធផលដ៏ច្រើនក្រៃលែងគួរជាទីមោទនៈ ។
សេចក្តីរីករាយ ដែលខ្ញុំបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដោយផ្ទាល់ សម្រាប់ថ្នាក់ដឹកនាំ និងប្រតិភូគ្រប់គ្នានៅទីក្រុងភ្នំពេញនេះ គឺមិនអាចវាស់វែងបាននោះទេ ។ រយៈពេល ២ឆ្នាំកន្លងទៅ ការទាក់ទងគ្នាដោយផ្ទាល់ ត្រូវបានបន្ទច់បង្អាក់ដោយជំងឺកូវីដ-១៩ និងការបំប្លែងថ្មីៗនៃមេរោគនេះ ។ ជាការពិត ការបញ្ចប់នូវកិច្ចប្រជុំកំពូល ចំនួន ១៦ ក្នុងរយៈពេលត្រឹម ៤ ថ្ងៃ គឺជារឿងដ៏លំបាកមួយ ជា ពិសេស នៅចំពេលដែលពោរពេញដោយបញ្ហាប្រឈម ។ ដូចនេះ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារយើង ដើម្បីធានាដល់ភាពងាយស្រួល និងផាសុកភាព សម្រាប់យើងរាល់គ្នា និងដើម្បីការបញ្ចប់ភាពជាប្រធានអាស៊ានប្រកបដោយជោគជ័យ ។ ព្រះចៅស៊ុលតង់ ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសទាំងអស់ ក្នុងរយៈពេល ៤ ថ្ងៃនេះ យើងសម្រេចបាននូវកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ និងប្រកបដោយ ផ្លែផ្កាលើកិច្ចការបន្តទៅមុខ ដើម្បីពង្រឹងមជ្ឈភាពអាស៊ាន និងគុណតម្លៃរបស់យើង ក្នុងកិច្ចទំនាក់- ទំនងជាមួយដៃគូខាងក្រៅ ជាពិសេសនៅពេលដែលសកលលោក កំពុងជួបប្រទះនឹងបញ្ហាស្មុគស្មាញ ក្នុងតំបន់ និងជាអន្តរជាតិ ដែលប្រែប្រួលយ៉ាងឆាប់រហ័ស ។
យើងបានអនុម័ត និងកត់សម្គាល់នូវឯកសារសមិទ្ធផល និងសេចក្តីប្រកាសចំនួន ៧០ ដែល គ្របដណ្តប់ទៅលើសសរស្តម្ភទាំង ៣ របស់សហគមន៍អាស៊ាន និងបានអនុម័តក្របខណ្ឌកិច្ចសហ- ប្រតិបត្តិការមួយចំនួន ជាមួយនឹងដៃគូសន្ទនារបស់យើង ។ ដើម្បីបន្ត និងពង្រឹងទំនាក់ទំនងជាមួយ ដៃគូ អាស៊ានបានយល់ព្រមបញ្ចូលអ៊ុយក្រែន ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ី អាគ្នេយ៍ (TAC) នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១ នេះ ។ ដូចគ្នានេះដែរ ប្រទេស ៦ ទៀត រួមមាន ដាណឺម៉ាក ក្រិច ហូឡង់ អូម៉ាន កាតា និងអេមីរ៉ាតអារ៉ាប់រួម ក៏បានចុះហត្ថលេខាចូលជា សមាជិក ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ នាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខែ សីហា ដែលធ្វើឱ្យប្រទេសជាសមាជិកនៃសន្ធិសញ្ញានេះ បានកើនឡើងដល់ ៥០ ប្រទេស ។ យើងបានចេញនូវសេចក្ដីថ្លែងការណ៍រួមនៃខួបអនុស្សាវរីយ៍ លើក ទី ២០ នៃសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដើម្បី ប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ២០ នៃការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិ នេះ នាឆ្នាំ ២០០២។
សម្រាប់ការកសាងសហគមន៍អាស៊ានវិញ យើងបានអនុម័ត សេចក្តីថ្លែងការណ៍ចក្ខុវិស័យ របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពី «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា», សេចក្តី ថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីខួបលើកទី ៥៥ របស់អាស៊ាន, និងសេចក្តីថ្លែងការណ៍របស់ ថ្នាក់ដឹកនាំអាស៊ានស្តីពីរបៀវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ ២០២៥ ។ យើងក៏បានអនុម័ត សេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការ បំផុសសហគ្រិនភាពស្ត្រីអាស៊ាន បន្ទាប់ពីកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ប្រកបដោយជោគជ័យ នាថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២២ ។
ជាមួយគ្នានេះដែរ យើងក៏មានក្តីសោមនស្ស ដែលមានលទ្ធភាព រៀបចំជាលើកទី ២ នូវកិច្ចសន្ទនាសកលអាស៊ាន (ASEAN Global Dialogue) ដើម្បីផ្លាស់ប្តូរទស្សនៈ សម្រាប់ការកសាងអាស៊ានប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងសម័យកាលក្រោយជំងឺកូវីដ-១៩។
ព្រះចៅស៊ុលតង់ ឯកឧត្ដម លោកជំទាវ និងភ្ញៀវកិត្តិយសទាំងអស់
ជាចុងក្រោយ ខ្ញុំសូមបញ្ជាក់ដោយសង្កត់ធ្ងន់ថា “មជ្ឈភាពអាស៊ាន គឺជាកម្លាំងចលករចម្បង សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូខាងក្រៅ តាមរយៈយន្តការដែលដឹកនាំ ដោយអាស៊ាន ។ ទោះបីជាស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ យើងត្រូវរក្សាឯកភាពអាស៊ាន ដើម្បីអត្ថប្រយោជន៍ខ្ពស់បំផុតសម្រាប់តំបន់ទាំងមូល ។ ការលើកកម្ពស់សាមគ្គីភាព និងឯកភាព នឹងនៅតែជា អាទិភាពកំពូលរបស់យើង នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត ។ ជាសក្ខីភាពជាក់ស្ដែងនៃស្មារតី «ភាពរួបរួម គ្នា» នៅក្នុងឆ្នាំនេះ យើងអាចដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមជាច្រើន នៅក្នុងតំបន់យើង ដែលនាំឱ្យយើងមានលទ្ធភាព ក្នុងការរក្សានូវសន្តិភាព វិបុលភាព និងសុខដុមរមនា សម្រាប់គ្រួសារ អាស៊ានរបស់យើង ។
ព្រះរាជាណាចក្រកម្ពុជា មានជំនឿយ៉ាងពេញលេញថា សាធារណៈរដ្ឋឥណ្ឌូនេស៊ី ដែលក្លាយ ជាប្រធានអាស៊ានប្តូរវេនបន្ទាប់ទៅនេះ នឹងបន្តដឹកនាំអាស៊ាន ដើម្បីសម្រេចបាននូវគោលបំណង ចម្បង គឺសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ភាពធន់ និងបរិយាបន្ន។
សម្តេចតេជោ ហ៊ុនសែន លើកឡើងថា, ក្នុងឱកាសដ៏វិសេសវិសាលនេះ បន្ទាប់ពីសុន្ទរកថារបស់ខ្ញុំ ខ្ញុំមានកិត្តិយសធ្វើការផ្ទេរភាពជា ប្រធានអាស៊ាន ជូនសាធារណៈរដ្ឋឥណ្ឌូនេស៊ី សម្រាប់ឆ្នាំ ២០២៣ ជាមួយនឹងការប្រសិទ្ធពរជូន ចំពោះ ឯកឧត្តមប្រធានាធិបតី ចូកូ វីដូដូសម្រាប់ភាពជាប្រធានអាស៊ាន ប្រកបដោយ ជោគជ័យ ។
មុននឹងផ្តល់ជូននូវញញួរតំណាងជាប្រធាន សូមអនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ ផ្ដល់ជូន លោក ដាតូ លីម ចុក ហយ នូវគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ពី រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ មេដាយនេះ តំណាងឱ្យការទទួលស្គាល់ លោក លីម ចុក ហយ អំពីភក្តីភាព និងការប្រឹងប្រែងឥតស្រាកស្រាន្ត ក្នុងដំណើរការកសាងសហគមន៍អាស៊ាន ក្នុងអំឡុងដែលឯកឧត្តមកាន់តួនាទីជាអគ្គលេខាធិការអាស៊ាន ។
ក្នុងពេលជាមួយគ្នានេះដែរ ខ្ញុំសូមយកឱកាសនេះដើម្បីប្រកាសដំណឹងថា លោក ហាជី មូហាម៉ាត អ៊ុកបាល ហ្វគី ហាជី ដាមីត (Mr. Haji Muhammad Iqbal Fakhri Haji Damit) នៃប៊្រុយណេ ដារូស្សាឡាម បានទទួលនូវពានរង្វាន់អាស៊ាន ឆ្នាំ ២០២២ ។ ពានរង្វាន់នេះ គឺជាការទទួលស្គាល់នូវកិច្ចការរបស់គាត់ ក្នុងការជួយពង្រឹងស្មារតីសហគមន៍អាស៊ាន ឲ្យកាន់តែរឹងមាំ និងប្រជាជននិយម ។ ជាងមួយទសវត្សរ៍មកហើយ លោក មូហាម៉ាត ដាមីត បាន និងកំពុង កៀរគរជំនួយ និងដឹកនាំយុវជនស្ម័គ្រចិត្ត ដើម្បីគាំទ្រដល់ការលើកតម្កើង និងការអភិវឌ្ឍរបស់ជនជាតិ ភាគតិច និងជនងាយរងគ្រោះ ទូទាំងតំបន់ ។
ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីសូមអញ្ជើញថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ដើម្បីចូល រួមបើកកម្មវិធីប្រកួតកីឡាស៊ីហ្គេមជាផ្លូវការណ៍ លើកទី ៣២ នៅថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២៣ និង ពិធីបើកកម្មវិធីប្រកួតកីឡាប៉ារ៉ាហ្គេមអាស៊ាន លើកទី ១២ នៅថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២៣ ដែល ជាសមិទ្ធផលមួយទៀត សម្រាប់សាមគ្គីភាព កិច្ចខិតខំប្រឹងប្រែង និងមិត្តភាពរបស់យើង ។
ជាចុងក្រោយ ខ្ញុំសូមជូនពរ ព្រះចៅស៊ុលតង់ ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសទាំងអស់ នូវសុខភាពល្អ និងជោគជ័យលើគ្រប់ភារកិច្ច ៕
ដោយ : សុខ ខេមរា