ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបជាមួយនាយករដ្ឋមន្ត្រី នូវេសហ្សេឡង់

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានសន្តិភាព សៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រី នូវេសហ្សេឡង់ កើតដែលលោកជំទាវអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។ 

សម្ដេចតេជោ ហ៊ុន សែន និងលោកស្រី នាយករដ្ឋមន្ត្រី បានពិភាក្សាគ្នាលើប្រធានបទ ៣៖ ទី១) គឺកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ទី២) គឺបញ្ហាតំបន់ និងទី៣) គឺកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងនូវែលហ្សេឡង់។

សម្រាប់ប្រធានបទទី១ លោកស្រីនាយករដ្ឋមន្ត្រី បានគោរពវាយតម្លៃខ្ពស់ ចំពោះការដឹកនាំប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ 

ប្រធានបទទី២ លោកស្រី បានគោរពវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់សម្ដេចតេជោ ក្នុងការជួយស្វែងរកដំណោះស្រាយលើបញ្ហាមីយ៉ាន់ម៉ា លើកទឹកចិត្ត និងជំរុញមីយ៉ាន់ម៉ា អោយអនុវត្តនូវកិច្ចព្រមព្រៀងឯកឆ័ន ៥ចំណុច របស់មេដឹកនាំអាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ា ស្វែងរកសន្តិភាព ស្ថេរភាព ត្រឡប់ទៅរកភាពប្រក្រតី និងមាគ៌ាប្រជាធិបតេយ្យ និងដើម្បីនាំអាស៊ានត្រឡប់មកដប់ប្រទេសវិញ។

ប្រធានបទទី៣ សម្ដេចតេជោ និងលោកស្រី នាយករដ្ឋមន្ត្រី បានឯកភាពគ្នា ជំរុញបង្កើនសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈការជំរុញពាណិជ្ជកម្មដែលមានស្រាប់ និងរកសក្ដានុពលដែលមានទៀតដូចជា វិស័យអប់រំ វិស័យសេដ្ឋកិច្ច វិនិយោគ វិស័យតភ្ជាប់ ក៏ដូចជាវិស័យកសិកម្ម ដែលអ្នកវិនិយោគ នូវែលហ្សេឡង់ អាចមកបណ្ដាក់ទុនវិនិយោគ ១០០% សម្រាប់បង្កើតរោងម៉ាស៊ីនកិនស្រូវ ឡសំងួត ឃ្លាំង និងប្រមូលទិញស្រូវពីកសិករកម្ពុជា កិនហើយនាំចេញទៅប្រទេសនូវេលហ្សេឡង់ផង ឬនាំចេញទៅប្រទេសដទៃទៀតផង៕

ដោយ : សុខ ខេមរា


ចែករំលែក៖