ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានិត ៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ជាមួយនិងលទ្ធផលផ្លែផ្កា និងពាំនាំនូវភាពជោគជ័យយ៉ាងត្រចះត្រចង់

ចែករំលែក៖

ភ្នំពេញ ៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ជាមួយនិងលទ្ធផលផ្លែផ្កា និងពាំនាំនូវភាពជោគជ័យយ៉ាងត្រចះត្រចង់ កិត្តិយស និងមោទកភាពដ៏ធំធេងជូនជាតិមាតុភូមិ និងបងប្អូនពូមីងប្រជាជនយើងទាំងអស់ ជាពិសេសបានបង្ហាញកិត្យានុភាពរបស់កម្ពុជាទៅកាន់ពិភពលោក។ នេះជាថ្លែង របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។ 

លោកបានថ្លែងបន្តថា, ក្នុងនាមកម្ពុជា ជាប្រធានអាស៊ានប្តូរវេន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយថ្នាក់ដឹកនាំអាស៊ាន បណ្តាថ្នាក់ដឹកនាំនៃដៃគូសន្ទនាអាស៊ាន និងស្ថាប័នអន្តរជាតិ បានពិភាក្សាលើ បញ្ហារួមជាច្រេីនរួមមានសន្តិសុខក្នុងតំបន់ និងបញ្ហាសាកល បម្រែបម្រួលអាកាសធាតុ វិបត្តិស្បៀង និងថាមពល និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាដើម។

លទ្ធផលទាំងនេះ អាចសម្រេចទៅបាន ក៏ដោយសារកម្ពុជាមានសុខសន្តិភាពពេញលេញ និងមានការចូលរួមគាំទ្រ កិច្ចសហប្រតិបត្តិការគ្រប់ជាន់ថ្នាក់ពីសំណាក់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ។ 

លោក ហ៊ុន ម៉ានិត បានលើកឡើងថា, ខ្ញុំសូមកោតសរសើរ វាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមសហការរៀបចំសណ្តាប់ធ្នាប់ ការពារសុខសុវត្ថិភាព និងសន្តិសុខ ជូនប្រមុខថ្នាក់ដឹកនាំ និងគណៈប្រតិភូអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជា។ 

ជាពិសេសសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចំពោះការចូលរួមសហការគ្រប់ពេលវេលា ដើម្បីឱ្យកិច្ចប្រជុំដំណើរការទៅរលូន ៕

ដោយ : សិលា


ចែករំលែក៖