ព័ត៌មានទាន់ហេតុការណ៍៖

រដូវនេសាទប្រជាពលរដ្ឋខេត្តបាត់ដំបង រីករាយនឹងកំណើនត្រីឆ្នាំនេះកើនខុសពីធម្មតា

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋខ្មែររស់នៅតាមដងស្ទឹងសង្កែនៃខេត្តបាត់ដំបង បានសម្តែងក្ដីរីករាយ បន្ទាប់ពីឆ្នាំនេះទឹកធំសម្បូរត្រី ដែលអាចឱ្យពួកគាត់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត ត្រៀមទុកសម្រាប់បរិភោគ​ប្រចាំឆ្នាំ។ នេះបើយោងតាម ការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម facebook នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ 

គេបានសរសេរថា, នៅផ្នែកខាងក្រោម ជាប់ទំនប់សាលាតាអន ក្នុងភូមិព្រែកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ នារយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋ បាននាំគ្នាសម្រុកចុះនេសាទ ដើម្បីចាប់ត្រីពីក្នុងទឹកស្ទឹងយកធ្វើប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត។

ដោយឡែកចំពោះការ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខេត្តបាត់ដំបង នាថ្ងៃទី១៤ ​ខែវិច្ឆិកា ឆ្នាំ២០២២នេះ អ្នកស្រី ម៉ាត់ ណាស់ ជនជាតិខ្មែរឥស្លាម បានដឹងថា ត្រីបានឡើងខ្លាំងទាំងហ្វូងៗ ជាប់ៗគ្នាជាច្រើន​ថ្ងៃ តាំងពីដើម​ខែ​វិច្ឆិកាមក ដោយក្នុងមួយថ្ងៃៗស្វាមីអ្នកស្រីរកត្រីបានពី ៥០ទៅ៨០គីឡូក្រាម ក្នុងនោះមានប្រភេទត្រីរៀល ត្រីកញ្ចុះ ត្រីឆ្ពិន ត្រី​តា​អោន និងកំពឹសផងដែរ។ ចំពោះតម្លៃ ត្រី ស ឬត្រីរៀលតូច-ធំ ក្នុងមួយគីឡូក្រាមលក់បានតម្លៃចាប់ពី១៣០០រៀល ដល់៤៥០០រៀល, ត្រីកញ្ចុះលក់បានតម្លៃ ៥០០០រៀល, ត្រីតាអោន និងកំពឹសលក់បានក្នុងតម្លៃចន្លោះពី១៥០០០រៀល ដល់២៥០០០រៀល។

អ្នកស្រីបន្តថា អំឡុងត្រីនៅស្ទឹងសង្កែឡើងច្រើន ប៉ុន្មានថ្ងៃនេះ អ្នកស្រីរកប្រាក់ចំណូលបានច្រើនគួរសមដែរ នៅថ្ងៃខ្លះ​អាច​រក​​បានពី២០ ដល់៣០ម៉ឺនរៀល ប៉ុន្តែពេលនេះផលត្រីបានធ្លាក់ចុះបន្តិចមកវិញហើយ ព្រោះការនេសាទក៏ច្រើនគ្នា ពោលគឺអាចរកប្រាក់ចំណូលបានតែពី៧ម៉ឺនទៅ១៥ម៉ឺន​រៀល​ប៉ុ​ណ្ណោះ។ ​ជារៀងរាល់ថ្ងៃ​ នៅតែបន្តមានប្រជានេសាទរាប់រយនាក់ នាំគ្នាសម្រុកមកនេសាទ មានទាំងលក្ខណៈអាជីព និង​តាម​បែបគ្រួសារលេងកម្សាន្តសប្បាយថែមទៀតផង។

ដោយឡែក ប្រជានេសាទជនជាតិខ្មែរ ម្នាក់បានរៀបរាប់ឱ្យដឹងដែរថា ចាប់ពីដើមខែវិច្ឆិកា​មក ត្រីក្នុងស្ទឹងសង្កែ​បាន​ឡើងសម្បូរខ្លាំង។ ក្រោយពេលមានត្រីច្រើន បង​ប្អូន​​ប្រជាពលរដ្ឋជាច្រើនមកពីគ្រប់ទិសទី ពិសេសបងប្អូនខ្មែរឥស្លាម បាននាំគ្នាសម្រុកមកនេសាទយ៉ាងពពាក់ពពូនទាំងយប់ ទាំងថ្ងៃ ដើម្បីប្រមូលយកធ្វើផ្អក ប្រហុក ធ្វើត្រីឆ្អើរជាដើម ត្រៀមទុកសម្រាប់ការ​បរិភោគ​ប្រចាំឆ្នាំ៕

ដោយ : សហការី


ចែករំលែក៖