ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបកំពូលអាមេរិក-ចិននឹងដោះស្រាយការខ្វែងគំនិតគ្នាចំពេលទំនាក់ទំនងប្រទេសទាំងពីរកំពុងតានតឹង

ចែករំលែក៖

ថ្ងៃនេះ (១៤ វិច្ឆិកា) នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី នៅមុនកិច្ចប្រជុំកំពូល G20 នឹងមានជំនួបរវាងប្រធានាធិបតីអាមេរិក Joe Biden នឹងប្រធានាធិបតីចិន Xi Jinping ដែលនេះជាជំនួបទល់មុខគ្នាលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីលោក Biden ក្លាយជាប្រធានាធិបតីអាមេរិកមក។

យោងតាមសេចក្តីប្រកាសរបស់សេតវិមាន មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សា និងធ្វើឱ្យទំនាក់ទំនងរវាងគ្នានឹងគ្នាកាន់តែស៊ីជម្រៅ ។ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តបើកចំហបណ្ដាញទំនាក់ទំនង ហើយមិនចង់មានជម្លោះជាមួយនឹងចិនឡើយ មុននឹងរូបលោកផ្ទាល់ត្រូវជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងជំនួបទល់មុខគ្នានៅឯកិច្ចប្រជុំកំពូល G20។
ការកត់សម្គាល់ខាងលើរបស់លោក ចូ បៃដិន ធ្វើឡើងបន្ទាប់ពីលោកបានធ្វើដំណើរទៅដល់កោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក្រោយចូលរួមក្នុងកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាន និងមេដឹកនាំអាស៊ីបូព៌ាក្នុងប្រទេសកម្ពុជា។ លោក បៃដិន បានគូសបញ្ជាក់បន្ថែមដូច្នេះថា «សហរដ្ឋអាមេរិកនឹងប្រកួតប្រជែងយ៉ាងពេញទំហឹងជាមួយចិន ដោយធានាឱ្យបានថាការប្រកួតប្រជែងនេះនឹងមិនផ្ទុះទៅជាជម្លោះនោះទេ»។
បើតាមសេតវិមាន លោក ចូ បៃដិន នឹងត្រូវជួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងជំនួបទល់មុខគ្នានៅថ្ងៃចន្ទនេះ នាឱកាសដែលមេដឹកនាំទាំង២ ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ហើយនេះនឹងក្លាយជាជំនួបទល់មុខគ្នាលើកដំបូងបំផុតចាប់តាំងពីលោក បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករា ឆ្នាំ២០២១មក៕ ដោយ៖ ធីរីណា

រូបថត៖ AP


ចែករំលែក៖