ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីសហរដ្ឋអាមេរិក បង្ហាញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះយុវជនកម្ពុជា នៅក្នុងជំនួបជាមួយសមាជិកនៃគម្រោង YSEALI

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមប្រភពពី AKP និងយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជានៅ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, លោកប្រធានាធិបតី ចូ បៃឌិន (Joseph R. Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បង្ហាញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះយុវជនកម្ពុជា នៅក្នុងជំនួប និងការប្រាស្រ័យជាមួយសមាជិករបស់គម្រោង នៃគំនិតផ្តួចផ្តើមនៃមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ ឬ YSEALI នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងភ្នំពេញ។ ក្នុងឱកាសនោះដែរ មេដឹកនាំសង្គមស៊ីវិល និងសហគ្រិនកម្ពុជាបានពិភាក្សាពីការងារផ្សេងៗរបស់គេដើម្បីជំរុញសិទ្ធិមនុស្ស ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងការអប់រំ និងដើម្បីប្រឆាំង ការជួញដូរមនុស្សនិងការខូចបរិស្ថាន នៅព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងជំនួបនោះ លោកប្រធានាធិបតី ចូ បៃឌិន បានមានប្រសាសន៍ថា៖ “យើងពិតជាយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរបស់យើងជាមួយអាស៊ាន និងទំនាក់ទំនងរបស់យើងជាមួយនឹងប្រជាជន។ នេះគឺជាមូលហេតុដែលខ្ញុំមានវត្តមាននៅទីនេះ ក្នុងពេលនេះ”។ លោកប្រធានាធិបតីក៏បានថ្លែងសង្កត់ផងដែរពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងមនុស្សជំនាន់ក្រោយនៅអាស៊ីអាគ្នេយ៍។

ដោយសម្តែងការវាយតម្លៃខ្ពស់ចំពោះគម្រោងកម្មវិធីនេះ សមាជិក YSEALI ម្នាក់បាននិយាយថា៖ “បទពិសោធន៍របស់ខ្ញុំនៅក្នុងកម្មវិធី YSEALI បានធ្វើឱ្យជីវិតខ្ញុំមានការប្រែប្រួល។ ក្នុងនាមជាយុវតីម្នាក់ដែលមកពីខេត្ត នៅក្នុងប្រទេសកម្ពុជា ខ្ញុំមានអារម្មណ៍ជាលើកដំបូងថា គេមានជំនឿមកលើខ្ញុំ”។

កម្មវិធីជាមួយយុវជននេះបានធ្វើឡើងបន្ទាប់ពីមានសេចក្តីប្រកាសរបស់លោក ប្រធានាធិបតី Biden នៅក្នុងកិច្ចប្រជុំកំពូលពិសេសសហរដ្ឋអាមេរិក-អាស៊ាន កាលពីខែ ឧសភា ឆ្នាំ ២០២២ ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងបង្កើនទ្វេដង នូវទំហំនៃ កម្មវិធី YSEALI នៅក្នុងរយៈពេល ៣ ឆ្នាំដោយធ្វើឱ្យមេដឹកនាំថ្មីៗ ចំនួន ៩០០ នាក់ បានទទួលផលល្អពីឱកាសទាក់ទងនឹងអាជីពការងារ និងការសិក្សាស្រាវជ្រាវ របស់ YSEALI នៅរាល់ឆ្នាំ។ ទន្ទឹមនេះ យុវជននៅកម្ពុជា និងនៅទូទាំង តំបន់អាស៊ីអាគ្នេយ៍ក៏នឹងចូលរួមផងដែរ នៅក្នុងកិច្ចប្រជុំកំពូលរបស់ YSEALI ពីថ្ងៃទី០៦ ដល់ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២២នៅរាជធានីភ្នំពេញ។

សូមជម្រាបជូនថា ដោយត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៣ YSEALI គឺជាកម្មវិធីសំខាន់មួយរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិកដើម្បីពង្រឹងភាពជាដៃគូជាមួយមេដឹកនាំថ្មីៗ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍បង្កើនជំនាញរបស់គេក្នុងនាមជាអ្នកជំរុញដ៏ល្អ ក្នុងកិច្ចការនៃការចូលរួមរបស់ពលរដ្ឋ សេដ្ឋកិច្ច និងកិច្ចការមិនមែនរដ្ឋាភិបាល នៅក្នុងតំបន់ និងដើម្បីលើកទឹកចិត្តពួកគេ ឱ្យធ្វើការជាលក្ខណៈ អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។ កម្មវិធី YSEALI រួមបញ្ចូលប្រទេសជាសមាជិកអាស៊ានទាំង ១០ (ប្រទេសព្រុយណេ, កម្ពុជា, ឥណ្តូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបូរី, ថៃ និងប្រទេសវៀតណាម) ព្រមទាំងប្រទេសទីម័រខាងកើតដែលមេដឹកនាំអាស៊ានបានយល់ព្រមឱ្យចូលជារដ្ឋសមាជិកទី ១១ នៃសមាគមនេះ ទៅអនាគត កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២២៕

ដោយ : សហការី


ចែករំលែក៖