ភ្នំពេញ ៖ លោក Charles Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានចាកចេញពីកម្ពុជាហើយ នៅវេលាម៉ោង១១៖១០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីបញ្ចប់ការចូលរួមកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កម្ពុជាក្នុងនាមម្ចាស់ផ្ទះ និងប្រធានអាស៊ាន ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ មេដឹកនាំសមាជិកអាស៊ាន និងប្រទេសដៃគូ ១១រូប បានចាកចេញពីកម្ពុជា ខណៈមេដឹកនាំមួយចំនួនទៀតចាកចេញនៅថ្ងៃនេះ ក្នុងនោះមេដឹកនាំដែលចាកចេញនៅរសៀល និងល្ងាចថ្ងៃម្សិលមុិញ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន៖ នាយករដ្ឋមន្រ្តីចិន, នាយករដ្ឋមន្រ្តីវៀតណាម, ប្រធានាធិបតីកូរ៉េខាងត្បូង, នាយករដ្ឋមន្រ្តីសឹង្ហបុរី, ប្រធានាធិបតីសហរដ្ឋអាមេរិក, អនុប្រធានាធិបតីឥណ្ឌា, នាយករដ្ឋមន្រ្តីជប៉ុន, ប្រធានាធិនតីឥណ្ឌូណេស៊ី, រដ្ឋមន្រ្តីការបរទេសរុស្ស៉ី, នាយករដ្ឋមន្រ្តីឡាវ និងនាយករដ្ឋមន្រ្តីថៃផងដែរ ៕
ដោយ : សិលា