ព័ត៌មានទាន់ហេតុការណ៍៖

ព្រះករុណា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងប្រារព្ធព្រះរាជពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ជាលក្ខណៈផ្លូវរដ្ឋ ថ្វាយព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះចៅស៊ុលតង់ (HAJI HASSANAL BOLKIAH) ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋ នៃប្រទេសព្រុយណេ

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងប្រារព្ធព្រះរាជពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ជាលក្ខណៈផ្លូវរដ្ឋ ថ្វាយព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះចៅស៊ុលតង់ (HAJI HASSANAL BOLKIAH) ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋ នៃប្រទេសព្រុយណេដារូសាឡាម ក្នុងឱកាសដែលព្រះអង្គស្តេចយាងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា, មានពិធីចុះហត្ថលេខា រវាង ប្រទេសកម្ពុជានិងប្រទេសប្រ៊ុយណេ!  បន្ទាប់ពីជំនួបទ្វេភាគីរួចហើយ នាព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ព្រះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃប្រ៊ុយណេដារូស្សាឡាម បានយាង និង អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា កម្ពុជា-ប្រ៊ុយណេ។

ក្នុងព្រះរាជដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា បន្ទាប់ពីស្តេចយាងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១​ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅកម្ពុជាដោយជោគជ័យ ព្រះចៅ ស៊ុលតង់ នៃប្រទេសព្រុយណេ បានសំដែងនូវការសាទរចំពោះជោគជ័យដែលសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានយ៉ាងល្អ។

ព្រះចៅស៊ុលតង់កោតសរសើរកម្ពុជាបែបនេះ ខណៈព្រះអង្គត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទទួលសវនាការនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងជំនួបនេះ ព្រះចៅស៊ុលតង់ បានសំដែងនូវការសារទរដែលកម្ពុជាបានរៀបចំដឹកនាំប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបានយ៉ាងល្អ។

ព្រះចៅស៊ុលតង់ ទ្រង់ក៏បានសំដែងនូវការសព្វព្រះរាជហឫទ័យ​ ដែលបានឃើញទំនាក់ទំនងល្អរវាងព្រះរាជាណាចក្រទាំងពីរ កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រទាំងពីរហើយ ក៏បានលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការបន្តលើគ្រប់វិស័យ បន្ថែមលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសបានស្នើឲ្យរដ្ឋមន្ត្រីកសិកម្មទាំងពីរប្រទេសសហការគ្នាលើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះចេញទៅប្រទេសព្រុយណេ។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណថ្វាយព្រះចៅស៊ូតង់ដែលទ្រង់បានយាងមកធ្វើទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជានិងយាងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលញាំងឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ក្នុងឱកាសនោះដែរសម្ដេចតេជោក៏បានគោរពថ្លែងអំណរគុណជូនព្រះចៅស៊ុលតង់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រទាំងពីរ៕

ដោយ : សិលា


ចែករំលែក៖