ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សមត្ថកិច្ចរកឃេីញនិងសង្ស័យជាសារធាតុញៀន​៦កេសធំ​នៅក្នុងរថយន្តពាក់ស្លាកលេខខេមរភូមិន្ទក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ‍

ចែករំលែក៖

   ភ្នំពេញ ៖ តាមប្រភពព័ត៌មានបានឱ្យដឹងថា សមត្ថកិច្ច​បានដាក់កម្លាំងចុះឆែកឆេររថយន្តមួយគ្រឿងដែលមានពាក់ស្លាកលេខខេមរភូមិន្ទ​ បន្ទាប់ពីរថយន្តនេះបានបង្កគ្រោះថ្នាក់ចរាចរណ៍បុករះទៅលើរថយន្ត​២គ្រឿង​នៅវាលស្បូវ​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង​១១:៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

    យោងតាមប្រភពព័ត៌មានពីភាគីរងគ្រោះដែលជាម្ចាស់រថយន្តតូយូ៉តាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL-1235 បានឱ្យដឹងថា​ មុនពេលកើតហេតុ​គាត់បានធ្វើដំណើរឆ្លងផ្លូវចេញពីខ្លោងទ្វារសំណង់លំនៅឋានវាលស្បូវ​ ឆ្លងទៅផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច គោលបំណងទៅភ្នំពេញ ស្រាប់តែត្រូវរថយន្តបង្កបើកបរក្នុងល្បឿនលឿនមកបុករថយន្តរបស់គាត់ពេញទំហឹង បណ្តាលឱ្យខូចខាតផ្នែកខាងឆ្វេងរថយន្ត។

    ចំណែកភាគីរងគ្រោះម្នាក់ទៀតដែលបើកបររថយន្ត CR-V ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ​ 2H-7699 រួមដំណើរជាមួយជនបរទេស​ប្រុសស្រី២នាក់ទៀតបានឱ្យដឹងថា  មុនពេលកើតហេតុរូបគាត់បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច តាមពីក្រោយរថយន្តរងគ្រោះទី១ ក្នុងទិសដៅស្របទិសគ្នា គោលបំណងទៅភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែឃើញរថយន្តបង្កបើកបរលឿនក្នុងទិសដៅពីលិចទៅកើត បញ្ជ្រាសទិសគ្នារេចង្កូតទៅបុករថយន្តព្រូសពេញទំហឹង ដោយភ័យពេករូបគាត់ក៏បានបួងចង្កូតមកស្តាំដៃតែមិនផុត ត្រូវរថយន្តបង្កបុកចំពីមុខផ្នែកខាងឆ្វេង បណ្តាលឱ្យរងការខូចខាត។ ភ្លាមៗនោះគាត់បានព្យាយាមឃាត់ម្ចាស់រថយន្តបង្កឲ្យទទួលខុសត្រូវ តែភាគីបង្កមិនខ្វល់នាំគ្នាចុះពីលើរថយន្តរត់គេចខ្លួនបាត់។

   សូមបញ្ជាក់ថា​ រថយន្តបង្កម៉ាក IZUSU Hilander ពណ៌ត្រេអ៉ី ពាក់ស្លាកលេខខេមរភូមិន្ទ02 2-1415 បើកបរដោយបុរសម្នាក់ រួមដំណើរដោយបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ក្នុងគោលបំណងចេញពីទីក្រុងភ្នំពេញ។ បន្ទាប់ពីបង្កគ្រោះថ្នាក់រួច ជនទាំងពីរនាក់បានរត់គេចខ្លួនពីកន្លែងកើតហេតុ ដោយមានរថយន្តមិនចាំម៉ាកមួយគ្រឿងមកទទួល។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានដាក់កម្លាំងជំនាញមកបន្ថែមទៀត ដោយប្រដាប់នូវអាវុធគ្រប់ដៃ ចុះមកឆែករថយន្តបង្កខាងលើ និងបានដកហូតកេសមានបិទស្កុតជុំវិញ ចំនួន​ ៦កេស សង្ស័យជាសារធាតុញៀន រួមទាំងរថយន្តបង្កយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវជាបន្ត៕

ដោយ៖ សិលា


ចែករំលែក៖