ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងព្រុយណេ ក្នុងឱកាសព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ នៃប្រទេសព្រុយណេ នៅព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សេចក្ដីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងព្រុយណ ក្នុងឱកាសព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃប្រទេសព្រុយណេនៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២

១- តបតាមការយាងរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃប្រទេសព្រុយណេ បានយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ព្រះរាជទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ ខណៈពេលដែល ប្រទេសទាំងពីរប្រារព្ធខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំនេះ។

២- ក្នុងអំឡុងពេលនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះចៅស៊ុលតង់ ត្រូវបានថ្វាយនូវព្រះរាជពិធីត្រួតពល។ ព្រះអង្គបានយាងដាក់កម្រងផ្កា និងសម្ដែងការគោរពនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ អតីត ព្រះមហាក្សត្រកម្ពុជា។

៣- ព្រះចៅស៊ុលតង់ ទ្រង់មានព្រះរាជសវនការជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដែលបានរៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋថៃ្ងត្រង់ថ្វាយជាព្រះកិត្តិយស ដល់ព្រះចៅស៊ុលតង់។

៤-ព្រះចៅស៊ុលតង់ក៏បានជួបប្រជុំទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។ កិច្ចប្រជុំទ្វេភាគីបានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏កក់ក្ដៅ និងស្និទ្ធស្នាល ដែលក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានពិភាក្សាការងារប្រកបដោយផ្លែផ្កា លើកិច្ចសហប្រតិបត្តិការទ្វេភាគី ជាច្រើន ព្រមទាំងបានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងផលប្រយោជន៍រួម។

៥- ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងព្រុយណេ ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ។ ភាគីទាំងពីរក៏បានបញ្ជាក់អំពីការប្តេជ្ញាយ៉ាងមុតមាំ ក្នុងការពង្រឹងចំណង មិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានា ដូចជា វិស័យការពារជាតិនិងសន្តិសុខ ពាណិជ្ជកម្មនិងវិនិយោគ ថាមពល អប់រំនិងការអភិវឌ្ឍធនធានមនុស្ស វប្បធម៌ ទេសចរណ៍ បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និងសុខភាពសាធារណៈ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែករបស់ព្រុយណេក្នុងការអភិវឌ្ឍធនធានមនុស្សនៅ កម្ពុជា ក្នុងគោលដៅកាត់បន្ថយគំលាតនៃការអភិវឌ្ឍននៅក្នុងអាស៊ាន។

៦.ភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការជំរុញការធ្វើទំនាក់ទំនងជាប្រចាំរវាងមន្ត្រីជាន់ខ្ពស់ពី បណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។

៧- ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ តាមរយៈការផ្លាស់ប្តូរព័ត៌មានស្ដីពីភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននានា ព្រមទាំងការផ្លាស់ប្តូរមន្ត្រីការពារជាតិ ជាន់ខ្ពស់ គម្រោងកសាងសមត្ថភាព និងពិនិត្យលទ្ធភាពក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។

៨- ថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញាថានឹងជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដោយលើកទឹក ចិត្តដល់វិស័យឯកជនឱ្យស្វែងរកកាលានុវត្តភាពបន្ថែមទៀតក្នុងការធ្វើធុរកិច្ចលើវិស័យនានាដែលមាន សក្ដានុពល និងធានានូវការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយក ពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

៩-ភាគីទាំងពីរបានឯកភាពផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តល្អៗស្តីពីទំនើបភាវូបនីយកម្មផ្នែក ឧស្សាហកម្មឱ្យស្របតាមបដិវត្តន៍ឧស្សាហកម្ម ៤.០។ ភាគីកម្ពុជាបានលើកទឹកចិត្តឱ្យមានការវិនិយោគ ផ្ទាល់ពីព្រុយណេ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម និងឧស្សាហកម្មពឹងផ្អែកលើចំណេះដឹង។ ១០- ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលកំពុងលេចធ្លោ ដូចជា សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល ។

១១- ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងការអភិវឌ្ឍធនធានមនុស្សទេសចរណ៍ និងវប្បធម៌ ព្រមទាំងការតភ្ជាប់ផ្លូវអាកាស និងផ្លូវសមុទ្ររវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បាន ទទួលស្គាល់នូវសារសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ ការយល់ដឹងពីគ្នាទៅវិញទៅមក។

១២- ថ្នាក់ដឹកនាំទាំងពីរបានស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ច សហប្រតិបត្តិការយុវជន និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ និង វិចិត្រសិល្បៈ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ព្រមទាំងបានឯកភាពថានឹងអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវឯកសារទាំងឡាយដែលបានចុះហត្ថលេខារួច។

១៣- ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈគា្នលើ បញ្ហាដែលជាប្រយោជន៍ និងកង្វល់រួម។ ព្រះចៅស៊ុលតង់បានអបអរសាទរ សម្ដេចតេជោ នាយករដ្ឋមន្តី ចំពោះភាពជោគជ័យរបស់កម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ព្រមទាំងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃមជ្ឈភាព និងសាមគ្គីភាពអាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងការជំរុញកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។

១៤- ព្រះចៅស៊ុលតង់ និង សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្វាគមន៍ និងធ្វើជាអធិបតីក្នុងពិធីចុះ ហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃព្រះចៅស៊ុលតង់ ព្រុយណេ ស្ដីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី ដែលនឹងបង្កើតនូវក្របខណ្ឌមួយ ដើម្បីធ្វើ ឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

១៥- ព្រះចៅស៊ុលតង់បានថ្លែងអំណរព្រះគុណថ្វាយចំពោះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រជាជនកម្ពុជា ចំពោះការទទួល ស្វាគមន៍ដ៏កក់ក្តៅ និងបដិសណ្ឋារកិច្ចដ៏ស្និទ្ធស្នាល ថ្វាយព្រះអង្គនិងគណៈប្រតិភូ៕

ដោយ : សុខ ខេមរា


ចែករំលែក៖