ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពស្ត្រីវ័យចំណាស់ម្នាក់ស្លាប់ផ្កាប់មុខក្នុងទឹកស្រែ ស្ថិតនៅភូមិក្រាំង ព្រំប្រទល់ភូមិសិលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។
យោងតាមសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា សាកសពស្ត្រីខាងលើមានឈ្មោះ ម៉ៅ អិត អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពពីសាច់ញាតិសពដដែលបានឱ្យដឹងទៀតថា មុនពេលកើតហេតុ វេលាព្រឹកព្រលឹមស្ត្រីរងគ្រោះបានជិះកង់ទៅមើលទឹកស្រែដែលនៅមិនឆ្ងាយពីភូមិប៉ុន្មាននោះទេ ដោយនៅជាប់ខ្លួនមានក្រវិល ចិញ្ជៀន និងលុយ៤០មុឺនរៀល ស្រាប់តែដល់វេលាម៉ោងជាង៧ព្រឹកក៏មានបុរសពីរនាក់ជាកសិករដូចគ្នាបានធ្វើដំណើរឆ្លងកាត់ផ្លូវកន្លែងកើតហេតុនោះដែរក៏ប្រទះឃើញកង់នៅកណ្តាលផ្លូវ រីឯស្ត្រីរងគ្រោះបានដេកផ្កាប់មុខក្នុងទឹកស្រែក្បែរនោះ ភ្លាមៗនោះពួកគេបានស្រង់ស្ត្រីនោះហើយព្យាយាមធ្វើចលនាដើម្បីសង្គ្រោះ តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ប្រភពដដែលបន្តថា ដោយបុរសទាំងពីរបានស្គាល់ស្ត្រីរងគ្រោះខាងលើទើបទូរស័ព្ទប្រាប់ប្តីនិងកូនៗរបស់ស្ត្រីរងគ្រោះ រួមនឹងប្តឹងសមត្ថកិច្ចចុះមកមើលផងដែរ។
ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទៀន សហការជាមួយកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌដង្កោ រួមនឹងក្រុមជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកដល់ទីតាំងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យជាក់ស្តែង ។
លោកវរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោបានឱ្យដឹងថា ពិតជាមានករណីស្ត្រីម្នាក់ដេកស្លាប់ក្នុងវាលស្រែប្រាកដមែន ហើយបានបាត់ចិញ្ចៀនមួយគូ(៣ជីមាស) ក្រវិលមួយគូ(១ជីមាស)និងលុយ៤០មុឺនរៀល ។
តាមការសន្និដ្ឋាន ៖ តាមការធ្វើកោសល្យវិច័យរបស់ក្រុមគ្រូពេទ្យជំនាញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ការស្លាប់របស់ឈ្មោះ ម៉ៅ អ៉ិត (សព) គឺស្លាប់ការថប់ដង្ហើម(ឈ្លក់ទឹក) ដោយជនសង្ស័យធ្វើសកម្មភាពចាប់ដើមដៃឆ្វេងសង្កត់កក្នុងទឹកបណ្តាលឱ្យឈ្លក់ទឹកស្លាប់។
បច្ចុប្បន្ននេះ សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វេីឯកសារប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ភារ៉ា ដង្កោ