ព័ត៌មានទាន់ហេតុការណ៍៖

តាមបងស្រីទៅដាក់បង្កៃ ពេលត្រឡប់មកផ្ទះវិញម្នាក់ឯងលង់ទឹកស្លាប់

ចែករំលែក៖

   ខេត្តកណ្ដាល៖ កុមារាអាយុ៦ឆ្នាំម្នាក់ ខណៈតាមបងស្រីទៅដាក់បង្កៃដោយសារមេឃក្តៅខ្លាំងពេកក៏ត្រឡប់មកផ្ទះវិញតែម្នាក់ឯង ហើយជាអកុសលក៏បានលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលឡើង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៨និង៤៥នាទី នៅចំណុចប្រឡាយដីឈ្មោះ ហេង  ក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ គុណ អាណាវ ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិខ្មែរ  នៅក្នុងបន្ទុកឱពុកម្តាយ មានទីលំនៅសព្វថ្ងៃភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

ប្រភពដដែលបន្តថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ២០២២វេលាម៉ោង១២និង២០នាទី កុមារារងគ្រោះបានដើរតាមបងស្រីបង្កើតឈ្មោះ គុណ ដាណេ និងអ្នកជិតខាងម្នាក់ទៀត ឈ្មោះ ម៉ាន់ ឌីម៉ា ទៅដាក់បង្កៃយកត្រីនៅក្រោយផ្ទះចម្ងាយប្រហែល៤០០ម៉ែត្រ ដោយកុមារារងគ្រោះស្លៀកខោជើងវែង អត់ពាក់អាវទេ។  ពេលទៅដល់ជនរងគ្រោះបានដើរតាមក្រោយបងស្រីដោតបង្កៃ រហូតដល់ម៉ោង១៣ៈ៣០នាទី ជនរងគ្រោះបានសុំបងស្រីមកផ្ទះមុន ដោយប្រាប់ថា(មេឃក្តៅខ្លាំងណាស់) ហើយបងស្រីជនរងគ្រោះបានឱ្យអាវដៃវែងរបស់ខ្លួនមកជនរងគ្រោះពាក់ រួចជនរងគ្រោះក៏ដើរមកផ្ទះមុន។ ចំណែកបងស្រីជនរងគ្រោះនិងឈ្មោះម៉ាន់ ឌីម៉ា បាននៅមើលបង្កៃ រហូតដល់ម៉ោងប្រហែល១៧និង០០នាទី ទើបអ្នកទាំងពីរនាំគ្នាមកផ្ទះ។ ពេលមកដល់ផ្ទះ ម្តាយជនរងគ្រោះអត់ឃើញជនរងគ្រោះក៏បានសួរបងស្រីជនរងគ្រោះថា (ឯណាប្អូន?) ហើយបងស្រីជនរងគ្រោះឆ្លើយថា (វាមកផ្ទះមុនខ្ញុំយូរហើយ) ភ្លាមនោះម្ដាយជនរងគ្រោះក៏បានភ័យឆោឡោ នាំគ្នាដើររកជនរងគ្រោះជាមួយបងប្អូននិងអ្នកជិតខាង រហូតដល់វេលាម៉ោង១៩.០០នាទី ឈ្មោះ រត្ន័ ឈ្មោះចិត្ត ឈ្មោះឆេង បានរកសពជនរងគ្រោះឃើញក្នុងទឹកខ្ពបចំណុចកើតហេតុ រួចក៏នាំគ្នាលើកសពជនរងគ្រោះយកមកផ្ទះ។ លុះនៅថ្ងៃទី១៤វិច្ឆិកា២០២២ វេលាម៉ោង០៧និង២០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាសក៏បានទទួលព័ត៌មានខាងលើ។ បន្ទាប់មកកម្លាំងផ្នែកពិនិត្យវិភាគបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស អាជ្ញាធរភូមិឃុំ និងគ្រូពេទ្យ ចុះមកពិនិត្យសាកសពជនរងគ្រោះឃើញថា សពកុមារារងគ្រោះមិនមានស្លាកស្នាមអ្វីគួរកត់សម្គាល់ឡើយ មានតែវត្ថុរាវឈាមនិងទឹកហូរចេញតាមមាត់តាមច្រមុះ  នៅពេលជំនាញនិងគ្រូពេទ្យក្រឡាប់សពពិនិត្យ ។ 

ការសន្និដ្ឋាន សពកុមារាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

ចំពោះសពជនរងគ្រោះបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីា៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖