ភ្នំពេញ ៖ ទិវាជំងឺទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា
អត្ថបទដោយ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៥)
ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ទិវាជំងឺទឹកនោមផ្អែមពិភពលោក (World Dabetis Day) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ដោយ សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) ក្នុងការឆ្លើយតបទៅនឹងការ ព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសុខភាព និងការគំរាមកំហែងសេដ្ឋកិច្ចដែល បង្កឡើងដោយជំងឺទឹកនោមផ្អែម ហើយទិវានេះ បានក្លាយជាថ្ងៃផ្លូវការ របស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០០៦។ ជារៀងរាល់ឆ្នាំ ទិវាដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធ ឡើង ដើម្បីបាញ់ឆ្ពោះទៅរកអត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែម និងផលប៉ះពាល់របស់វា ព្រមទាំងអប់រំមនុស្សឱ្យបង្កើនការ យកចិត្តទុកដាក់លើការការពារ និងព្យាបាលជំងឺទឹកនោមផ្អែម។
ប្រធានបទទិវាជំងឺទឹកនោមផ្អែមពិភពលោកឆ្នាំ២០២២ គឺ “ការអប់រំដើម្បីការពារថ្ងៃស្អែក” ក្រោមប្រធានបទរួមគ្នានៃ យុទ្ធនាការទិវាជំងឺទឹកនោមផ្អែមពិភពលោក២០២១-២៣ “ការទទួលបានការថែទាំជំងឺទឹកនោមផ្អែម” ។ ប្រធានបទនេះ ឆ្លុះ បញ្ចាំងពីការអប់រំខ្លាំងលើជំងឺទឹកនោមផ្អែម ដោយជំរុញឱ្យមានការកែប្រែឥរិយាបទ និងទម្លាប់នៃការរស់នៅ ជាពិសេសការ បរិភោគអាហារប្រកបដោយផាសុខភាព ព្រមទាំងបង្កើនការយកចិត្តទុកដាក់លើការថែទាំសុខភាព ការពារជំងឺទឹកនោមផ្អែម។
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ យកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន និងចូលរួមកាត់បន្ថយហានិភ័យ ដែលបង្កឱ្យមានជំងឺទឹកនោមផ្អែម ដោយផ្អែកលើចំណុចសំខាន់ៗ និងងាយៗ សម្រាប់ការអនុវត្តន៍ ក្នុង ការរស់នៅប្រចាំថ្ងៃ ដែលយើងទាំងអស់គ្នាត្រូវប្រកាន់យកមានដូចជា៖ កុំពិសារប្រៃពេក កុំពិសារផ្អែមពេក កុំពិសារខ្លាញ់ពេក និងធ្វើលំហាត់ប្រាណ ជាប្រចាំ គឺជាមធ្យោបាយដ៏ល្អសម្រាប់ការចូលរួមការពារជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមិនឆ្លងផ្សេងៗទៀត ជាដើម។ ការត្រួតពិនិត្យជាតិស្ករក្នុងឈាម ជាជំនួយក្នុងការរុករកបានទាន់ពេលនូវហានិភ័យនៃការកើតឡើងជំងឺទឹកនោមផ្អែម ដែលអាចឈានទៅរកការព្យាបាលបានទាន់ពេលផងដែរ។ លើសពីនេះ សូមកែលម្អការទទួលទានកាបូអ៊ីដ្រាត ហាត់រៀនញ៉ាំ អាហារមួយចំណែកតូច (កុំឱ្យឆ្អែតពេក) ក្នុងពេលតែមួយ បរិភោគអាហារដែលមានជាតិសសៃ ឬហ្វែបប៊ឺ (Fiber) ដែលមាន ជាតិស្ករទាប – កុំពិសារបារី (បារីជំរុញឱ្យមានភាពស៊ាំអាំងស៊ុយលីន (Insulin resistance)] ធ្វើលំហាត់ប្រាណយ៉ាងហោច ណាស់ ៣០នាទីក្នុងមួយថ្ងៃ រក្សាជាតិកូលេសស្តេរ៉ុលក្នុងឈាមនៅក្រោម២០០ ជាតិខ្លាញ់ LDL នៅក្រោម១០០ ជាតិខ្លាញ់ HDL នៅលើ២០ និង ទ្រីគ្លីសេវីដ (Triglycerides)នៅក្រោម១៥០។ ត្រូវឧស្សាហ៍តាមដានសម្ពាធឈាមរបស់ខ្លួន ដែលជា ទូទៅត្រូវនៅក្រោម ១៣០/៨០ ចៀសវាងការពិសារភេសជ្ជៈដែលមានជាតិផ្អែមដែលជាហានិភ័យ ឱ្យមានជំងឺទឹកនោមផ្អែម ប្រភេទ២ (Type 2 Diabetis) និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការយល់ដឹង និងចូលរួមអនុវត្តចំណុចដូចបាន រៀបរាប់ខាងលើនេះ។ សូមចងចាំថា ជំងឺទឹកនោមផ្អែម ជាជំងឺដែលអាចការពារជាមុនបាន ប្រសិនបើបុគ្គលម្នាក់ៗ អាចត្រួត ពិនិត្យបាន ដោយខ្លួនឯងនូវរបបអាហារដែលពិសារប្រចាំថ្ងៃ និងអនុវត្តបានខ្ជាប់ខ្ជួននូវចំណុចសាមញ្ញៗ ដូចបានជម្រាបជូន ខាងលើនេះ។
សូមបងប្អូនសាធារណជនទាំងអស់ បន្តអនុវត្តនូវវិធានការការពារការចម្លងវីរុសកូវីដ-១៩.ព្រោះវីរុសកូវីដ-១៩ មិនទាន់ ទៅណាឆ្ងាយពីយើងនៅឡើយ ហើយក៏កំពុងតែចរាចរដោយមានការហ័ម្លងខ្លួនជាច្រើនប្រភេទផងដែរ។ ទន្ទឹមនេះ សូមអញ្ជើញ បងប្អូនទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដួសមូលដ្ឋាន ដូសជំរុញ (ទី៣ ទី៤ និងទី៥) ឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សា បាននូវនិរន្ដិភាពនៃការរស់នៅធម្មតាតាមបែបគន្លងថ្មី និងការបើកដំណើរការសេដ្ឋកិច្ចសង្គម។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អបរិបូណ៌ សុខសុភមង្គល និងសប្បាយរីករាយឆ្នាំថ្មីសាកល ២០២៣ ខាងមុខនេះ។ សូមអរគុណ!
ដោយ : សិលា