ខេត្តកំពង់ឆ្នាំង ៖ ផ្ទះចំនួន៣ខ្នងត្រូវបានភ្លើងឆេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។
លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានឱ្យដឹងថា ម្ចាស់ផ្ទះទី១-មាន ឈ្មោះ ប៊ុន ណារិទ្ធ ហៅហុង អាយុ៥០ឆ្នាំ។ ចំណែកម្ចាស់ផ្ទះទី២-ឈ្មោះ សាង និងម្ចាស់ផ្ទះទី៣ពុំទាន់ដឹងឈ្មោះនៅឡើយទេ។
ផ្ទះទាំងនោះគឺជាផ្ទះរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកឡើងមកនៅលើគោក សង់ជាប់ៗគ្នាមានទំហំ១៣ម៉ែត្រគុណនឹង ២០ម៉ែត្រ ស្មើៗគ្នា ប៉ុន្តែផ្ទះទាំងនោះជាផ្ទះលិចទឹកនៅរដូវវស្សា។ ក្នុងចំណោមផ្ទះទាំង៣ខ្នងនោះមានផ្ទះ២ខ្នងត្រូវបានអគ្គិភ័យឆេះខ្ទេចអស់ទាំងស្រុង និងផ្ទះ១ខ្នងទៀតឆេះអស់៥០%។
សមត្ថកិច្ចពន្លត់អគ្គិភ័យមិនអាចទៅធ្វើអន្តរាគមន៍បាញ់ពន្លត់បានទេដោយ សារតែផ្ទះទាំងនោះជាផ្ទះលិចទឹក មិនអាចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យទៅដល់ឡើយ។
នៅពេលកើតហេតុ ប្រជាពលរដ្ឋនៅជិតខាងបាននាំគ្នាយកម៉ាស៊ីនបូមទឹកប្រមាណ២០គ្រឿងទៅជួយបាញ់ពន្លត់ មិនឱ្យឆ្លងទៅផ្ទះផ្សេងៗទៀត។
ប្រភពដដែលបានបន្តថា ចំពោះមូលហេតុគឺបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស ដែលម្ចាស់ផ្ទះខាងលើជាអ្នកលក់ហ្គាស សាំងនិងគ្រឿងទេសគ្រប់មុខផងដែរ៕
ដោយ៖ សូរិយា