ចិនបានសម្រេចបញ្ចេញកញ្ចប់ជំនួយទ្រង់ទ្រាយធំដល់វិស័យអចលនទ្រព្យ ដោយពន្យារប្រាក់បំណុលដល់បណ្តាក្រុមហ៊ុនអចលនទ្រព្យ ក្នុងនោះមានផ្ទះខុនដូជាដើម ហើយជាមួយគ្នានោះក៏បានអនុញ្ញាតឱ្យបង្កើនពេលវេលាខ្ចីនៅតាមធនាគារនានាផងដែរ។ជាមួយនឹងការបន្ថយរឹតត្បិតលើវិធានការទប់ស្កាត់កូវីដ-១៩ ពិសេសគឺនយោបាយ «Zero covid-19 កាលពីចុងសប្តាហ៍កន្លងមកនោះគឺជាសញ្ញាដ៏ល្អបំផុតដើម្បីដំណើរការសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង។ ប្រធានាធិបតីចិន ស៊ីជីនពីង បានបង្វែរការចាប់អារម្មណ៍ទៅលើការជួយសង្គ្រោះសេដ្ឋកិច្ចដែលកំពុងតែយឺតយ៉ាវ។
ការផ្លាស់ប្តូររបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ជាការជួយដល់សេដ្ឋកិច្ចឱ្យរីកចំរើន និងជំរុញវិស័យអចលនទ្រព្យ។ នេះជាការផ្លាស់ប្តូរដ៏ល្អដើម្បីជួយដល់ទីផ្សារដែលបានជួបផលលំបាកខ្លាំងនៅក្នុងខែតុលាកន្លងមក។
ចិនបានខិតខំរកវិធីសាស្ត្រដើម្បីគ្រប់គ្រងវិបត្តិអចលនទ្រព្យ ជំរុញឱ្យធនាគារធំៗផ្តល់ប្រាក់កម្ជី មានទឹកប្រាក់១០០០ ពាន់លានយន់ (១៤០ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេលចុងឆ្នាំ២០២២នេះដើម្បីធានាដល់វិស័យអចលនទ្រព្យ។
ទីផ្សារផ្ទះ ខុនដូ មានតម្លៃ ២៤០០ពាន់លានដុល្លារអាមេរិក របស់ចិន បានជួបផលលំបាកយ៉ាងខ្លាំង ហើយក្រុមហ៊ុនអចលនទ្រព្យប្រឈមនឹងការបែកបំណុល(លែងមានលទ្ធភាពសងបំណុល)។ ចាប់តាំងពីពេលនេះដល់ឆ្នាំ ២០២៣ វិស័យអចលនទ្រព្យចិន នឹងត្រូវសងប្រាក់បំណុល២៩២ ពាន់លានដុល្លារ ។ ប៉ុន្តែពេលនេះ រដ្ឋាភិបាលបានសម្រេចពន្យារពេលសងបំណុល និងផ្តល់ប្រាក់កម្ចីបន្ថែម១៤០ពាន់លានដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះវិស័យអចលនទ្រព្យ៕ ដោយ៖ ធីរីណា
រូបថត ៖ caixing