ប្រទេសឥណ្ឌូនេស៊ី ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃអង្គារទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ពេលនេះខ្ញុំតេស្តឃើញវិជ្ជមានកូវីដ.១៩។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មុនចេញពីកម្ពុជាខ្ញុំធ្វើតេស្តរាល់ថ្ងៃពិសេសមុនពេលចេញដំណើរមកខ្ញុំធ្វើតេស្តរហ័សមុនឡើងយន្តហោះតែពុំមានឃើញអ្វីនោះឡើយ។
ខ្ញុំមិនច្បាស់ថាមេរោគនេះមកនៅជាមួយខ្លួនខ្ញុំចាប់ពីពេលណាមកនោះឡើយតែអ្វីដែលច្បាស់ពេលមកដល់ពេទ្យឥណ្ឌូនេសុីយកសំណាកពេលល្ងាចលុះព្រឹកឡើងបញ្ជាក់ថាវិជ្ជមានកូវីដ.១៩ ដែលយើងត្រូវតែទទួលស្គាល់បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ។
ជាសំណាងមួយដែលយប់មុិញដោយសារមកដល់យឺតខ្ញុំមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួនដែលរៀបចំដោយប្រធានាធិបតីបារាំង។
ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំខ្ញុំសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។
ឯតំណាងប្រទេសអាស៊ានយើងកំពុងចរចាប្រគល់ជូនឥណ្ឌូនេសុីជាតំណាងតែម្តង។
អ្វីដែលអាក់ខានគឺជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិននិងប្រធានាធិបតីបារាំងដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC។
ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតាដែលខ្ញុំនឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ ៕
ដោយ៖ ស តារា