ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូបណ្ដាលឱ្យបុរសជាកម្មករសំណង់ម្នាក់របួសធ្ងន់ទាំងក្បាលល្ងាច

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាកម្មករសំណង់ម្នាក់បានរងរបួសធ្ងន់ដោយសារតែរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបរក្នុងទិសដៅបញ្ច្រាសគ្នាទៅបុកម៉ូតូពេញទំហឹងលាន់សូដូចរន្ទះបង្កការភ្គាក់ផ្អើលដល់អ្នកភូមិទាំងក្បាលល្ងាច។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២  នៅលើផ្លូវជាតិលេខ ១ ត្រង់គីឡូម៉ែត្រលេខ១៣១និង១៣២ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុង/ស្វាយរៀង។

    យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះអ៊ូ សុវណ្ណារ៉ា  អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិជៀសឫស្សី ឃុំ កំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១S-១៦៦៦ រងការខូចខាតយ៉ាងដំណំ។

    តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១S-១៦៦៦លើផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ខណៈនោះស្រាប់តែមានរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរពីត្បូងទៅជើង មិនគោរពសិទ្ធិអាទិភាពក៏បុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏ជួយសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

    ចំណែករថយន្តបង្កហេតុក្រោយឃើញសភាពការណ៍មិនស្រួលក៏បានបើករត់គេចខ្លួនភ្លាមៗផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖