ព័ត៌មានទាន់ហេតុការណ៍៖

បាញ់សម្លាប់និស្សិត៣នាក់ក្នុងសាកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក

ចែករំលែក៖

អាជ្ញាធរសហរដ្ឋអាមេរិកបានចាប់ខ្លួនជនសង្ស័យម្នាក់ដែលបានបាញ់សម្លាប់និស្សិតនៅសាកលវិទ្យាល័យ Virginia ក្នុងទីក្រុង Charlottesville រដ្ឋ Virginia កាលពីថ្ងៃទី១៤ ខែវិច្ឆិកា (ពេលវេលានៅអាមេរិក) ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ និងធ្វើឱ្យខូចខាតដល់បរិវេណនៃសាកលវិទ្យាល័យ Virginia ហើយសាលារៀនត្រូវបានបិទទ្វារលើសពី១២ម៉ោង។
ជនសង្ស័យក្នុងហេតុការណ៍នេះ ឈ្មោះ Christopher Darnell Jones Jr. អាយុ ២២ឆ្នាំ ត្រូវបានចាប់ខ្លួន។ គេដឹងថា ជនសង្ស័យគឺជានិស្សិត និងជាអតីតសមាជិកក្រុមបាល់ទាត់របស់សាលា។ អំពើហិង្សាបានផ្ទុះឡើងកាលពីល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា នៅលើរថយន្តក្រុងដឹកសិស្សដែលទើបត្រឡប់មកពីដំណើរកម្សាន្តក្រៅកម្មវិធីសិក្សានៅ Washington D.C។
ប៉ុន្មាននាទីបន្ទាប់ពីការបាញ់ប្រហារបានកើតឡើង បុគ្គលិកសាកលវិទ្យាល័យបានជូនដំណឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយជំរុញឱ្យសិស្សានុសិស្ស និងអ្នកនៅក្នុងសាលាស្វែងរកកន្លែងលាក់ខ្លួន។
ប្រធានសាកលវិទ្យាល័យ Virginia លោក Jim Ryan បាននិយាយថា អាជ្ញាធរមិនទាន់កំណត់ពីមូលហេតុនៃការបាញ់ប្រហារនោះទេ។ លោក Ryan បានបន្ថែមថា អត្តសញ្ញាណសិស្សដែលស្លាប់ទាំងបីនាក់ត្រូវបានកំណត់អត្តសញ្ញាណ ពីរនាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ក្រៅពីនេះក៏មានសិស្ស២នាក់ផ្សេងទៀតរងរបួស ក្នុងនោះម្នាក់រងរបួសធ្ងន់៕ ដោយ៖ ធីរីណា

រូបថត៖ AP


ចែករំលែក៖