ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្មៀនសង្កាត់តាខ្មៅម្នាក់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

ចែករំលែក៖

ខេត្តកណ្ដាល៖ ស្មៀនសង្កាត់តាខ្មៅម្នាក់ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលឃាត់ខ្លួនយកមកការិយាល័យ ដើម្បីកសាងសំណុំរឿងករណីពាក់ព័ន្ធរំលោភលើទំនុកចិត្ត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាសង្កាត់តាខ្មៅ ស្ថិតនៅភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរនាលខេត្តកណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ សុផា ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅ ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរស្មៀនសាលាសង្កាត់តាខ្មៅ ។

ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ ក្រុមការងារចម្រុះរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយលោក ឈួ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម រួមសហការជាមួយអាជ្ញាធរខេត្ត ក្រុង សង្កាត់ បានចូលរួមក្នុងការស្រាវជ្រាវភាពមិនប្រក្រតីនៃការបន្លំដកយកសាច់ប្រាក់ពីកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលប្រព្រឹត្តទៅនៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សមាសភាពចូលរួម ១-លោក ឃឹម សំភារ អភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ , ២-លោក លី សុខធី ប្រធានមន្ទីរ ស.អ.យ ខេត្តកណ្តាល ,៣-លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ,៤-លោក ប៉ុក វិចិត្រ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់តាខ្មៅ និង៥-លោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ចុះត្រួតពិនិត្យតាមពាក្យបណ្តឹងរបស់ឈ្មោះ ជុំ ចិន្តា កាន់សមធម៌លេខ 08110403-0086។ បន្ទាប់មកក្រុមការងារបានពិនិត្យស្រាវជ្រាវក្នុងប្រព័ន្ធរបស់ក្រសួងឃើញថាប័ណ្ណសមធម៌របស់ឈ្មោះ ជុំ ចិន្តា គឺបានបើកប្រាក់ជាបន្តបន្ទាប់១៦ខែរួចហើយ ដែលក្នុងមួយខែចំនួន ២៣២.០០០ រៀល ស្មើនឹងទឹកប្រាក់សរុប ៣.៧១២.០០០ រៀល។ បន្ទាប់មកក្រុមការងារបានរកឃើញបន្ថែមនូវប័ណ្ណសមធម៌ ចំនួន១៩ប័ណ្ណទៀតដែលមានភាពមិនប្រក្រតី និងមានការបន្លំដកប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់ឈ្មោះ សុខ សុផា ភេទប្រុស ជាស្មៀន និងជាអ្នកអនុវត្តកម្មវិធីក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលសរុបទាំង២០ប័ណ្ណមានទឹកប្រាក់សរុបចំនួន ៧០.៩៨៨.០០០រៀល ។ 

តាមចម្លើយសារភាពរបស់ឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ឆ្លើយថា ខ្លួនពិតជាបានធ្វើការផ្ទៀងផ្ទាត់, រក្សាទុកនិងបានទៅដកប្រាក់ពីកម្មវិធីមករក្សាទុកខ្លួនឯង និងមិនប្រគល់ប្រាក់ ព្រមទាំងប័ណ្ណសមធម៌ជូនម្ចាស់ដើមពិតប្រាកដមែន ។

ករណីខាងលើមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាបាននាំជនសង្ស័យខាងលើមកប្រគល់ឲ្យការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖