ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ឃាត់ក្រុម​អ្នក​ប្រើប្រាស់​ម៉ូតូ​កែ​ច្នៃ​ខុស​បច្ចេកទេស​ យកមកធ្វើការ​អប់រំ​

ចែករំលែក៖

ខេត្ត​​បន្ទាយ​មាន​ជ័យ ​៖​ បើ​តាម​លោក​វរសេនីយ៍ឯក​ គី​ មក​រា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ប្រាប់​ឱ្យ​ដឹង​នា​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០០២​នេះ​ថា​ ម៉ូតូ​កែ​ច្នៃ​ប្រើប្រាស់​ខុស​បច្ចេកទេស​(​បំពង់​ស៊ី​ម៉ាំង​បំពង​សំឡេង​ ភ្លើង​បំភ្លឺ​)​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ខេត្ត​ និង​កម្លាំង​នគរបាល​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ស្រុក​ ក្រុង​ទាំង​៩​ នៃ​ខេត្តបន្ទាយមានជ័យ​ បាន​ធ្វើការ​បង្ក្រាប​ដកហូត​តាម​ដងផ្លូវ​ជា​បន្តបន្ទាប់​ ។​ ដោយឡែក​អ្នកបើកបរ​ប្រព្រឹត្ត​ល្មើស​សមត្ថកិច្ច​ធ្វើការ​អប់រំ​និង​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ខុសច្បាប់​បែប​នោះ​ទៀត​ ។​

​លោកនាយ​ការិយាល័យ​ប្រាប់​ទៀត​ថា​ អនុវត្ត​តាម​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​ ក៏​ដូច​ជា​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ស្រុក​ ក្រុង​ទាំង​៩​ តែងតែ​ចុះ​ទប់ស្កាត់​ និង​បង្ក្រាប​ម៉ូតូ​កែ​ច្នៃ​ខុស​បច្ចេកទេស​បំពង់​ស៊ី​ម៉ាំង​ ប្រែ​ន​ និង​ការ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​រថយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស​ និង​ការ​កែ​ច្នៃ​លេង​ភ្លើង​ឡាស៊ែ​ខុស​បច្ចេកទេស​ជាដើម​ ។​

លោក​វរសេនីយ៍ឯក​ គី​ មក​រា​ បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ត្រង់​មាត្រា​៦៦​ ចែង​ថា​ មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ត្រូវ​ឃាត់​យានជំនិះ​មិន​ឱ្យធ្វើ​ចរាចរណ៍​ ឬ​ឃាំង​ទុក​មិន​លើស​៣​ថ្ងៃ​ ដើម្បី​ធ្វើការ​ផាកពិន័យ​ និង​កែតម្រូវ​លក្ខណៈ​បច្ចេកទេស​ទៅ​តាម​ករណី​ដែល​អ្នកបើកបរ​ប្រព្រឹត្ត​ល្មើស​នឹង​បទ​ប្បញ្ញត្តិ​ចរាចរណ៍​ ។​ អនុវត្ត​នៅ​ត្រង់​ចំណុច​៤​ យានជំនិះ​ដែល​បញ្ចេញ​ផ្សែង​ខ្លាំង​ ឬ​សម្លេង​ម៉ាស៊ីន​ខ្លាំង​លើស​បទដ្ឋាន​បច្ចេកទេស​ ឬ​បំពាក់​ប្រព័ន្ធ​ភ្លើង​ខុស​ស្តង់ដារ​កំណត់​ រំខាន​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ផ្សេង​ទៀត​ឬ​អ្នក​រស់នៅ​ជាប់​ដងផ្លូវ​នោះ​។​

​ជាមួយ​គ្នា​នោះ​ លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធ​ ឡោះ​ ក៏​បាន​ជំរុញ​ឱ្យ​កងកម្លាំង​នគរបាល​ជំនាញ​ត្រូវ​បន្ត​ចុះ​ទប់ស្កាត់​នូវ​ការ​ប្រើប្រាស់​យានជំនិះ​គ្រប់​ប្រភេទ​ដែល​កែ​ច្នៃ​ខុស​បច្ចេកទេស​ បង្ក​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​ ពីព្រោះ​ថា​ ការ​ប្រើប្រាស់​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​(​ប្រែ​ន​)​ និង​ការ​ប្រើប្រាស់​រថយន្ត​បំពង់​ស៊ី​ម៉ាំង​(​ប្រែ​ន​)​នៅ​លើ​ថ្នល់​ ប្រជាពលរដ្ឋ​បាន​ធ្លាប់​ប្តឹង​រាយការណ៍​មក​លោក​ផ្ទាល់​ពី​ការ​រំខាន​នៃ​ការ​រស់នៅ​របស់​ពួក​គាត់​ និង​សំណូមពរ​ឱ្យ​មានការ​ទប់ស្កាត់​ ។​

លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​អំពាវនាវ​ឱ្យ​ក្មួយៗ​ ប្អូនៗ​ យុវជន​ដែល​ប្រើប្រាស់​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​(​ប្រែ​ន​)​ត្រូវ​បញ្ឈប់​ ត្រូវ​នាំ​គ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​(​គោរព​ច្បាប់​ចរាចរណ៍​គឺ​ផ្តើម​ចេញពី​យើង​ទាំងអស់​គ្នា​)​ រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​ និង​រក្សា​សុវត្ថិភាព​ អាយុជីវិត​ខ្លួនឯង​ និង​អាយុជីវិត​អ្នក​ដទៃ​ ៕

ដោយ​៖ សហការី​


ចែករំលែក៖