ព័ត៌មានទាន់ហេតុការណ៍៖

លោក ដួង តារា ៖ សុខភាពសម្តេចតេជោគឺរឹងមាំធម្មតាទោះបីមានលទ្ធផលកូវីដ-១៩ វិជ្ជមាន

ចែករំលែក៖

ប្រទេសឥណ្ឌូនេស៊ី ៖ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា, រសៀលថ្ងៃទី ១៥ វិច្ឆិកានេះខ្ញុំនឹងវិលត្រឡប់ទៅកម្ពុជាវិញជាមួយគណៈប្រតិភូកម្ពុជា ដោយសារមូលហេតុសម្តេចតេជោប្រមុខដឹកនាំមានលទ្ធផលកូវីដ-១៩វិជ្ជមាន (ដូចសម្តេចលោកបានជម្រាបជូនក្នុងផេកផ្លូវការព្រឹកមិញ) បន្ទាប់ពីបានធ្វើតេស្តនៅឥណ្ឌូនេស៊ីកាលពីល្ងាចមិញ។ 

លោក ដួង តារា ថ្លែងបន្តថា, ពិតណាស់បញ្ហាកូវីដគឺយើងមើលមិនឃើញទេ ហើយពិភពលោកក៏កំពុងយកចិត្តទុកដាក់រាល់ថ្ងៃ។ ប៉ុន្តែកម្ពុជាយើងទទួលបានការមើលថែពីប្រមុខដឹកនាំយ៉ាងយកចិត្តទុកដាក់បំផុតដែលធ្វើអោយអត្រាឆ្លងនៅទាបបំផុត ហើយជំងឺនេះក៏មិនរាតត្បាតកាចសាហាវខ្លាំងដូចពីមុនដែរ។ 

ប៉ុន្តែការឆ្លងទោះបីតិចឬច្រើនស្លូតឬកាចគឺត្រូវតែមើលថែព្យាបាលអោយបានល្អបំផុត។ ហេតុដូច្នេះហើយបានជាសម្តេចលោកសម្រេចចិត្តវិលទៅកម្ពុជាវិញដើម្បីសុវត្ថិភាពគណៈប្រតិភូប្រទេសនានាដែលត្រូវចូលរួមប្រជុំនៅទីនេះ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០&៤១ នៅកម្ពុជាកន្លងទៅគឺ មានអ្នកចូលរួមច្រើនមកពីបណ្តាប្រទេសនានា ដែលប្រទេសខ្លះនៅមានអត្រាឆ្លងកូវីដ-១៩ច្រើននៅឡើយ ដែលអាចជាប្រភពចម្លងមកប្រមុខដឹកនាំយើងដែរ។ ពេលមកដល់ប្រទេសឥណ្ឌូនេស៊ីកាលពីល្ងាចមិញ គណៈប្រតិភូត្រូវយកសំណាកធ្វើតេស្តកូវីដ-១៩ទាំងអស់គ្នា។ 

ទោះបីលទ្ធផលសម្តេចវិជ្ជមាន តែសុខភាពកាយសម្បទារបស់លោកនៅរឹងមាំធម្មតា ហើយបើទោះបីអញ្ជើញធ្វើដំណើរមកក្រៅប្រទេសច្រើនម៉ោងយ៉ាងណាក្តីក៏សម្តេចលោកនៅបន្តធ្វើកិច្ចការបានជាធម្មតា ។ 

យើងខ្ញុំជាកូនចៅ សូមគោរពជូនពរសម្តេចតេជោមានសុខភាពល្អរឹងមាំជានិច្ច និងឆាប់ជាសះស្បើយដើម្បីជាម្លប់ដឹកនាំកម្ពុជាទទួលបានតែសុខសន្តិភាពនិងរីកចម្រើនរុងរឿង៕

ដោយ : សិលា


ចែករំលែក៖