ប្រទេសឥណ្ឌណេសុី ៖ ប្រធានាធិបតីអាម៉េរិក លោក Joe Bien និងប្រធានាធិបតីចិន លោក Xi Jinping ជួបគ្នា៣ម៉ោងកន្លះនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ជជែកឡើងតឹងសរសៃកដាក់គ្នាដោយសារតែលោក Biden លើកឡើងថា ចិនបានបង្កើនការគំរាមកំហែងនិងសកម្មភាពគឃ្លើនកាន់តែខ្លាំងទៅលើតៃវ៉ាន់ ធ្វើឱ្យលោក Xi តបវិញថា “រឿងតៃវ៉ាន់ជាបន្ទាត់ក្រហមទី១ដែលមិនអាចឱ្យដើរឆ្លងហួសបានឡើយ”។ នេះជាជំនួបទល់មុខគ្នាលើកទីមួយរវាងមេដឹកនាំទាំងពីរក្រោយលោក Biden ឡើងកាន់អំណាច។
ប៉ុន្មានម៉ោងមុនកិច្ចប្រជុំ ក៏មានព័ត៌មានថារដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Lavrov បានចូលក្នុងមន្ទីរពេទ្យនៅកោះបាលីដោយសារតែបញ្ហាបេះដូង តែក្រោយមកខាងរុស្ស៊ីក៏បញ្ចេញរូបថតលោក Lavrov អង្គុយធ្វើការនៅក្រៅបន្ទប់សម្រាកក្នុងសណ្ឋាគារដោយស្លៀកខោខ្លីធ្វើព្រងើយទៅវិញ។ អ្នកសារព័ត៌មានក៏នៅតែមន្ទិលសង្ស័យថារូបថតនោះបានថតមុនគាត់មានបញ្ហាសុខភាព ឬក្រោយក៏មិនដឹង? ក្រោយមកទៀតស្ថានទូតរុស្ស៊ីនៅប្រទេសឥណ្ឌូនេស៊ីបានថ្លែងថាជាព័ត៌មានស្តីពី លោក Lavrov ឈឺទៅមន្ទីរពេទ្យមិនពិតទេ។ លោក Lavrov បានក្លាុយជាផ្ទាំងស៊ីបរបស់លោកខាងលិចដែលគេព្រួតគ្នាវាយប្រហារទៅលើរុស្ស៊ីជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ លោក Lavrov វ័យ៧២ឆ្នាំ ជាតារាអ្ននយោបាយលំដាប់ទី៣បន្ទាប់ពីលោក Biden និង Xi ដែលអ្នកសារព័ត៌មានជាង២ពាន់៣រយនាក់តាមប្រមាញ់នៅកោះបាលី៕
ដោយ ៖ លោក ពុយ គា