ខេត្តស្វាយរៀង៖ បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកចុះផ្សាយករណីស្ត្រីមានផ្ទៃពោះហើយឆ្លងទន្លេហើយផ្អើលថាពស់ពាំកូនស្រីម្នាក់ នៅស្រុកស្វាយទាប ផ្អើលអ្នកភូមិរមាំងថ្កោលនោះពេលនេះច្បាស់ការដឹងការពិតហើយ ខណៈអាជ្ញាធរស្រុក និងសមត្ថកិច្ចចុះទៅសួរនាំ គឺជារឿងប្រឌិតឡើងដោយខ្លួនឯងតែប៉ុណ្ណោះ ខណៈលទ្ធផលបញ្ជាក់របស់គ្រូពេទ្យ បានឲ្យដឹងថា ស្ដ្រីដែលបង្កើតរឿងឱ្យមានការភ្ញាក់ផ្អើលនោះ មិនមានផ្ទៃពោះនោះឡើយ។
ជាក់ស្ដែងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អាជ្ញាធរសមត្ថកិច្ច និងមន្ដ្រីសុខាភិបាលខេត្ត បានចុះទៅសួរនាំដោយផ្ទាល់ជាមួយស្ដ្រីឈ្មោះ សេង រតនា ទើបដឹងរឿងរ៉ាវច្បាស់ថា ស្ដ្រីរូបនេះប្រឌិតរឿងឡើងដោយខ្លួនឯងតែប៉ុណ្ណោះ។
សមត្ថកិច្ចបានបន្ថែមទៀតថា លទ្ធផលក្រោយការសិក្សាតាមវិទ្យាសាស្រ្តគ្រូពេទ្យ គឺស្រ្តីម្នាក់នេះមិនមានផ្ទៃពោះទេ។ ពោលការពិនិត្យអេកូនៅមន្ទីរពេទ្យបង្អែកស្វាយទាប នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ របស់លោកវេជ្ជបណ្ឌិត សរ សុខចំរើន គឺមិនមានផ្ទៃពោះទេ, ការពិនិត្យ អេកូនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២របស់លោក វេជ្ជបណ្ឌិត ចាន់ ថន គឺមិនមានផ្ទៃពោះទេ មិនត្រឹមតែប៉ុណ្ណោះ ឈ្មោះ សេង រតនា បានសុំឲ្យលោកវេជ្ជ ចាន់ ថន ជួយបញ្ជាក់ថា មានផ្ទៃពោះថែមទៀតផង តែលោកវេជ្ជបណ្ឌិតមិនធ្វើតាមសំណូមពរនេះ ហើយលទ្ធផលនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ការពិនិត្យរបស់គ្រូពេទ្យនៅមន្ទីរពេទ្យខេត្តស្វាយរៀង ក៏បញ្ជាក់ថាគ្មានផ្ទៃពោះដែរ។
យ៉ាងណាមិញ សម្រាប់មូលហេតុ ដែលនាំឲ្យស្ដ្រីរូបនេះប្រឌិតរឿងបង្កឲ្យមានការភ្ញាក់ផ្អើលនោះ សមត្ថកិច្ច និងអាជ្ញាធរមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ ហើយក៏នៅបន្សល់ទុកចម្ងល់ជាច្រើនដល់សាធារណៈជន។
សូមបញ្ជាក់ថា ស្ដ្រីម្នាក់ឈ្មោះ សេង រតនា ហៅស្រីហ៊ុច អាយុ២៦ឆ្នាំ មុខរបរជាកម្មការិនីនៅតាមរោងចក្រ បានប្រឌិតរឿងថា ខ្លួនទើបសម្រាលកូន តែជាអកុសល ត្រូវសត្វចម្លែកដ៏ធំមកពាំយកទៅបាត់ ធ្វើឲ្យនាងភ័យតក់ស្លុតដួលសន្លប់នៅកន្លែងកើតហេតុ ៕
ដោយ៖ សុថាន