ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់ឈើមួយបន្ទះពីលើការដ្ឋានសំណង់មួយកន្លែងបណ្ដាលឱ្យត្រូវបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ៖ បន្ទះឈើមួយបានធ្លាក់ពីលើការដ្ឋានសំណង់មួយកន្លែងត្រូវចំក្បាលបុរសម្នាក់ជាបុគ្គលិកផ្នែកដឹកជញ្ចូនរបស់ក្រុមហ៊ុនឯកជនឈ្មោះ «The Ostra Fine Food » បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២ និង៥០នាទី រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវព្រះសុធារស ទល់មុខសាកលវិទ្យាល័យបៀលប្រាយ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះ យ៉ាត់ ស៊ីថាត អាយុ២៤ឆ្នាំ មុខរបរជាបុគ្គលិកផ្នែកដឹកជញ្ចូនរបស់ក្រុមហ៊ុនឯកជនឈ្មោះ «The Ostra Fine Food។ 

   តាមប្រភពព័ត៌មានបានបន្តឱ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសរងគ្រោះដែលជាបុគ្គលិកផ្នែកដឹកជញ្ជូនរបស់ក្រុមហ៊ុនឯកជនមួយបានដើរខាងក្រោមការដ្ឋានមិនរៀបរយខាងលើនេះ ហើយពេលដើរនោះស្រាប់តែអ្នកដែលធ្វើការក្នុងការដ្ឋាននោះបានធ្វើឱ្យធ្លាក់បន្ទះឈើមួយពីជាន់លើបណ្ដាលឱ្យធ្លាក់ត្រូវក្បាលយុវជននោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។ 

    សូមបញ្ជាក់ផងដែរថា ទីតាំងការដ្ឋាននេះគឺមិនមានការហ៊ុមព័ទ្ធលក្ខណៈបច្ចេកទេសត្រឹមត្រូវនោះទេ។ 

   បើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតខាងទីតាំងការដ្ឋាននោះបានបន្ថែមឱ្យដឹងថា ទីតាំងការដ្ឋាននោះតែងតែមានធ្លាក់ដែក ធ្លាក់ឈើជាញឹកញាប់ ក៏ប៉ុន្តែសំណាងល្អមិនត្រូវលើប្រជាពលរដ្ឋនៅជិតនោះគ្រាន់តែប៉ះពាល់លើសម្ភាររបស់ប្រជាពលរដ្ឋប៉ុណ្ណោះ។ 

    ក្រោយពេលកើតហេតុគេឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការហ៊ុមព័ទ្ធនិងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យ នៅចំណុចកើតហេតុខាងលើ ដើម្បីធ្វើការទំនាក់ទំនងទៅសាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណីនិងចាត់ការរឿងនេះតាមច្បាប់៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖