ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃអង្គារទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចាត់ឱ្យគណៈប្រតិភូ កាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ឧត្តមព្រឹទ្ធាចារ្យ ជា ជាតិ អតីតប្រធានគណៈកម្មាធិការ និងជាអនុប្រធានកិត្តិ យសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលទទួលមរណភាពកាលពី ថ្ងៃសៅរ៍ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៧ ម៉១៩នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយ រោគាពាធ ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកស្រី អគ្គលេខាធិការ នាំនូវសារលិខិតរំលែកមរណទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោក ជា វ៉ាន់ចាន់ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលមានខ្លឹមសារដូចតទៅ «ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាទីបំផុត ចំពោះមរណភាព របស់ឧត្តមព្រឹទ្ធាចារ្យ ជា ជាតិ គឺជាការបាត់បង់នូវឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ ដែលក្នុងមួយជីវិត របស់ ឧត្តមព្រឹទ្ធាចារ្យ តែងតែប្រកាន់ខ្ជាប់ នូវ សីលធម៌ គុណធម៌ដ៏ ល្អប្រ ពៃ តស៊ូប្រឹង ប្រែងចិញ្ចឹម បីបាច់ថែរក្សា អប់រំផ្តល់ដំបូន្មានល្អៗ ដល់កូន ចៅ និងក្រុមគ្រួសារ រហូតក្លាយជាបញ្ញវន្តជាឥស្សរជនជាន់ខ្ពស់ ដែលជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ និងជាការបាត់បង់នូវសកម្មជនមនុស្សធម៌ដ៏រឹងមាំមួយរូបដែលបានបំពេញ ភារកិច្ច ក្នុងនាមជាប្រធានគណៈកម្មាធិការរហូតជាអនុប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជា ខេត្ត ពោរពេញដោយស្នាដៃ និង គុណ បំណាច់ ក្នុងបុព្វហេតុមនុស្សធម៌កាកបាទក្រហមកម្ពុជា»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧត្តមព្រឹទ្ធាចារ្យ ជា ជាតិ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ : សហការី