ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់មាតុភូមិ ប្រកបដោយសុវត្ថិភាពវិញហើយ

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកដល់មាតុភូមិវិញហើយ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ១៩ ពេលទៅដល់ប្រទេសឥណ្ឌូនេស៊ី។

នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ពេលនេះខ្ញុំតេស្តឃើញវិជ្ជមានកូវីដ.១៩។

សម្តេចតេជោថ្លែងបន្តថា, មុនចេញពីកម្ពុជាខ្ញុំធ្វើតេស្តរាល់ថ្ងៃពិសេសមុនពេលចេញដំណើរមកខ្ញុំធ្វើតេស្តរហ័ស

មុនឡើងយន្តហោះតែពុំមានឃើញ អ្វីនោះឡើយ។ខ្ញុំមិនច្បាស់ថាមេរោគនេះមកនៅជាមួយខ្លួនខ្ញុំចាប់ពីពេលណាមក នោះឡើយតែអ្វីដែលច្បាស់ពេលមកដល់ ពេទ្យឥណ្ឌូនេសុីយកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថាវិជ្ជមានកូវីដ.១៩ដែលយើងត្រូវតែទទួលស្គាល់បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ។

សម្តេចតេជោ មានប្រសាសន៍ថា, ជាសំណាងមួយដែលយប់មុិញដោយសារមកដល់យឺតខ្ញុំមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួនដែលរៀបចំដោយប្រធានាធិបតីបារាំង។

ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំខ្ញុំសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។

ឯតំណាងប្រទេសអាស៊ានយើងកំពុងចរចាប្រគល់ជូនឥណ្ឌូនេសុីជាតំណាងតែម្តង។

សម្តេចបានថ្លែងថា, អ្វីដែលអាក់ខានគឺជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិននិងប្រធានាធិបតីបារាំងដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC។

សម្តេចបន្តថា, ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតាដែលខ្ញុំនឹងបន្តធ្វើការធម្មតាលើកលែងតែការ ទទួលភ្ញៀវ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖