ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្ញើសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចម៉ែ ចំពោះព្រះរាជសារជូនពររបស់ព្រះអង្គ

ចែករំលែក៖

ភ្នំពេញ ៖ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រីនរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល

បពិត្រអង្គសម្តេចម៉ែ ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ជាបឋមទូលព្រះបង្គំជាខ្ញុំនិងភរិយា – សូមថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្ស រីករាយជាអនេកប្បការដោយបានទទួលព្រះរាជសារលិខិតសម្តេចម៉ែជាអម្ចាស់ ដែលស្ដេចទ្រង់សព្វ ព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសព្ទសាធុការពរមហាប្រសើរចំពោះទូលព្រះបង្គំជាខ្ញុំឲ្យ បានឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ ក្នុងវេលាដ៏ខ្លីខាងមុខនេះ ។

តបចំពោះព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំជាខ្ញុំនិងភរិយាសូមព្រះបរមរាជានុញ្ញាត ដ៏ខ្ពង់ខ្ពស់បំផុត សម្ដែងថ្វាយយ៉ាងឧឡារិកចំពោះជោគជ័យយ៉ាងត្រចះត្រចង់ដែលទូលព្រះបង្គំជាខ្ញុំ ក្នុងនាមជាប្រធានអាស៊ានប្តូរវេន បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបាននូវកេរ្តិ៍ឈ្មោះ កិត្តិយស ព្រមទាំងលើកតម្កើង កិត្យានុភាពជាតិជូនប្រជាជនកម្ពុជាគ្រប់រូប នៅក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេស តេជះសម្ភារឫទ្ធាបារមីនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ជីវិត តម្កល់ត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំង ព្រះករុណា អង្គព្រះមហាក្សត្រ ជាអម្ចាស់ ជីវិតតម្កល់ត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងប្រទាននូវព្រះព្រហ្ម វិហារធម៌គិតគូរអំពីសុខុមាលភាពរបស់ទូលព្រះបង្គំជាខ្ញុំនិងភរិយាជារៀងរហូតមក ។

ជាថ្មីម្តងទៀតទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមលំឱនកាយក្រាបថ្វាយព្រះសព្ទសាធុការពរមហា ប្រសើរសូមអង្គសម្ដេចម៉ែជាអម្ចាស់ជីវិតតម្កល់លើត្បូងស្តេច ទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួន ប្រការ គឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមហ្លួងម៉ែជាអម្ចាស់ ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ បំផុតអំពីទូលព្រះបង្គំជាខ្ញុំនិងភរិយា ៕

ដោយ : សិលា


ចែករំលែក៖