ភ្នំពេញ ៖ គណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សរុបជាង ៤០រូប បន្ទាប់ពីធ្វើតេស្តរហ័សមិនមានអ្នកវិជ្ជមានកូវីដ១៩នោះទេ។ នេះជាការថ្លែង របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់អ្នកសារព័ត៌មាន នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូពេទ្យ៣ក្រុម រង់ចាំធ្វើតេស្តរហ័សជូនដល់គណៈប្រតិភូអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីវិញនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ។
បើទោះបីយ៉ាងណា ដើម្បីធានាឱ្យលទ្ធផលកាន់តែប្រាកដនោះ សំណាករបស់គណៈប្រតិភូទាំងអស់ ត្រូវបានយកទៅពិនិត្យជាមួយម៉ាស៊ីន PCR បន្ថែមទៀត។ លទ្ធផលយ៉ាងណានោះ លោកស្រី យក់ សម្បត្តិ នឹងផ្តល់ព័ត៌មានជាបន្តទៀត។
សម្រាប់ការតេស្តរហ័សមិនមានឃើញនេះ លោកស្រី យក់ សម្បត្តិ បានគូសបញ្ជាក់ថា គណៈប្រតិភូអាចនឹងមិនមានការឆ្លងពីសម្តេចនោះទេ ដោយសារប្រព័ន្ធភាពសុាំក្នុងរាងកាយរបស់មន្ត្រីជាគណៈប្រតិភូមានភាពរឹងមាំ ព្រោះពួកគាត់សុទ្ធតែបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាប់ពី ៥ដូសឡើង។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ត្រូវបានបញ្ជាក់ថា មានវិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ការរកឃើញវិជ្ជមានជំងឺកូវីដ១៩ ធ្វើឱ្យសម្តេចខកខានការចូលរួមកិច្ចប្រជុំកំពូលG20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងកិច្ចសន្ទនាក្រៅផ្លូវការ APEC នៅក្រុងបាងកក ប្រទេសថៃ។
សម្តេចតេជោ បានដឹកនាំគណៈប្រតិភូហោះមកដល់ប្រទេសកម្ពុជាវិញនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា នេះ។ បើទោះបីជាយ៉ាងណា សម្តេចតេជោ បានបញ្ជាក់ថា សុខភាពរបស់សម្តេចនៅល្អធម្មតា ការបរិភោគ និងការសម្រាន គឺធម្មតា។
នៅឯប្រទេសឥណ្ឌូណេស៊ី លោក ដួង តារា បានថ្លែងថា, សុខភាពសម្តេចតេជោគឺរឹងមាំធម្មតាទោះបីមានលទ្ធផលកូវីដ ១៩-វិជ្ជមាន នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា, រសៀលថ្ងៃទី ១៥ វិច្ឆិកានេះខ្ញុំនឹងវិលត្រឡប់ទៅកម្ពុជាវិញជាមួយគណៈប្រតិភូកម្ពុជា ដោយសារមូលហេតុសម្តេចតេជោប្រមុខដឹកនាំមានលទ្ធផលកូវីដ-១៩វិជ្ជមាន (ដូចសម្តេចលោកបានជម្រាបជូនក្នុងផេកផ្លូវការព្រឹកមិញ) បន្ទាប់ពីបានធ្វើតេស្តនៅឥណ្ឌូនេស៊ីកាលពីល្ងាចមិញ។
លោក ដួង តារា ថ្លែងបន្តថា, ពិតណាស់បញ្ហាកូវីដគឺយើងមើលមិនឃើញទេ ហើយពិភពលោកក៏កំពុងយកចិត្តទុកដាក់រាល់ថ្ងៃ។ ប៉ុន្តែកម្ពុជាយើងទទួលបានការមើលថែពីប្រមុខដឹកនាំយ៉ាងយកចិត្តទុកដាក់បំផុតដែលធ្វើអោយអត្រាឆ្លងនៅទាបបំផុត ហើយជំងឺនេះក៏មិនរាតត្បាតកាចសាហាវខ្លាំងដូចពីមុនដែរ។
ប៉ុន្តែការឆ្លងទោះបីតិចឬច្រើនស្លូតឬកាចគឺត្រូវតែមើលថែព្យាបាលអោយបានល្អបំផុត។ ហេតុដូច្នេះហើយបានជាសម្តេចលោកសម្រេចចិត្តវិលទៅកម្ពុជាវិញដើម្បីសុវត្ថិភាពគណៈប្រតិភូប្រទេសនានាដែលត្រូវចូលរួមប្រជុំនៅទីនេះ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០&៤១ នៅកម្ពុជាកន្លងទៅគឺ មានអ្នកចូលរួមច្រើនមកពីបណ្តាប្រទេសនានា ដែលប្រទេសខ្លះនៅមានអត្រាឆ្លងកូវីដ-១៩ច្រើននៅឡើយ ដែលអាចជាប្រភពចម្លងមកប្រមុខដឹកនាំយើងដែរ។ ពេលមកដល់ប្រទេសឥណ្ឌូនេស៊ីកាលពីល្ងាចមិញ គណៈប្រតិភូត្រូវយកសំណាកធ្វើតេស្តកូវីដ-១៩ទាំងអស់គ្នា។
ទោះបីលទ្ធផលសម្តេចវិជ្ជមាន តែសុខភាពកាយសម្បទារបស់លោកនៅរឹងមាំធម្មតា ហើយបើទោះបីអញ្ជើញធ្វើដំណើរមកក្រៅប្រទេសច្រើនម៉ោងយ៉ាងណាក្តីក៏សម្តេចលោកនៅបន្តធ្វើកិច្ចការបានជាធម្មតា ។
យើងខ្ញុំជាកូនចៅ សូមគោរពជូនពរសម្តេចតេជោមានសុខភាពល្អរឹងមាំជានិច្ច និងឆាប់ជាសះស្បើយដើម្បីជាម្លប់ដឹកនាំកម្ពុជាទទួលបានតែសុខសន្តិភាពនិងរីកចម្រើនរុងរឿង៕
ដោយ : សិលា