ខេត្តស្វាយរៀង ៖ កម្មករសំណង់ម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត លែងលះបែកបាក់ប្រពន្ធកូន ដាច់ចិត្តគិតខ្លីចង.កសម្លាប់ខ្លួនផ្អើលក្រុមគ្រួសារទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទី យប់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២២ ស្ថិតនៅភូមិទួលអង្គប់ ឃុំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ កង សាង អាយុ៣៥ឆ្នាំ មុខរបកម្មករសំណង់ ជនជាតិខ្មែរ មានទីលំនៅភូមិបាទី ឃុំបាទី ស្រុកពាមរ ខេត្តព្រៃវែង។
ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរភូមិភ្លាមសមត្ថកិច្ចនគរបាលស្រុកសហការជាមួយប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យដោយសន្និដ្ឋានថាពិតជាចង.កប្រាកដមែនដោយបានយកកន្សែង ពណ៌ក្រហមចងភ្ជាប់មែកត្របែក(ក្រោយការដ្ឋានធ្វើសំណង់) ដោយមិនមានស្នាកស្នាមអ្វីសំគាល់ជារឿងឃាតកម្មនោះទេ។
តាមអ្នកភូមិបានឱ្យដឹងថាបុរសខាងលើនេះមានបញ្ហាជាមួយគ្រួសារដោយត្រូវលែងលះបែកបាក់និងប្រពន្ធកូនទើបធ្វើឱ្យមានវិបត្តិផ្លូវចិត្តយ៉ាងខ្លាំងក៏ឈានរហូតដល់គិតខ្លីបែបនេះតែម្ដង។
ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់ឱ្យបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សុថាន