ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងសុខាភិបាលរម្លឹកពលរដ្ឋរួសរាន់ទៅចាក់វ៉ាក់សាំងដូសជំរុញ ខណៈជំងឺកូវីដ-១៩ បន្តបំប្លែងថ្មី

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអំពាវនាវសារជាថ្មីម្ដងទៀតឲ្យប្រជាពលរដ្ឋប្រញាប់រួសរាន់ទៅចាក់វ៉ាក់សាំងដូសជំរុញ ខណៈជំងឺកូវីដ-១៩ បន្តបំប្លែងខ្លួនថ្មីជាបន្តបន្ទាប់ ហើយការចាក់វ៉ាក់សាំងនេះក៏ត្រូវធ្វើតាមកាលកំណត់របស់​គ្រូពេទ្យផងដែរ។

លោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងប្រធាន​គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៦ ខែវិច្ឆិកានេះថ្លែងថា បើទោះបីបច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩​ នៅប្រទេសកម្ពុជា មាន​ភាពធូ​ស្រាលក្តី តែប្រជាពលរដ្ឋមិនត្រូវធ្វេសប្រហែសនោះទេ ព្រោះថា ជំងឺកូវីដ-១៩នៅបន្តបំប្លែង​ខ្លួនថ្មីៗជាប់ ជានិច្ច។ លោកស្រីរដ្ឋលេខាធិការបានអំពាវនាវបងប្អូនទាំងអស់ ​បន្តប្រុងប្រយ័ត្ន ដោយអនុវត្តវិធាន​ការ៣កុំ ៣ការពារ ​និងទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ ទី៤ និងទី៥ ឱ្យបានគ្រប់ៗគ្នា ​ដើម្បីរក្សាបាននូវភាពស៊ាំបុគ្គល ​និងភាពស៊ាំសហគមន៍ ធានាបាននូវនិរន៍ភាព​នៃការរស់នៅប្រចាំថ្ងៃក្នុងប្រក្រតីភាពថ្មីបានយូរអង្វែង។

ចំណែកប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំងនៅមណ្ឌល សុខភាពស្ទឹងមានជ័យ ​បានលើកឡើងដែរថា បន្ទាប់​ពី​ចាក់វ៉ាក់សាំង​ដូសជំរុញរួចសុខភាពធម្មតា ​ហើយការស្ម័គ្រចិត្តមកចាក់វាក់សាំងនេះទៀតសោត គឺដើម្បីការពារខ្លួនពីជំងកូវីដ-១៩​ និងមិនចង់ឲ្យប្រទេសកម្ពុជាបិទខ្ទប់ដូចឆ្នាំ២០២១ ព្រោះជំងឺ​កូវីដនោះទេ។

ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ​លោកស្រី ហ៊ាង មករា មានប្រសាសន៍ដែរថា បច្ចុប្បន្ននៅមណ្ឌល សុខភាព ​មានវ៉ាក់សាំងកូវីដ-១៩ ពីប្រភេទរួមមាន៖ ​Pfixzer និង Sinova សម្រាប់ចាក់​ជូនប្រជាពលរដ្ឋ ​មានទាំងដូសមូលដ្ឋាន ​និងជំរុញ ហើយប្រជាពលរដ្ឋបន្ត​មក​ទទួល​ការចាក់វ៉ាក់សាំងកូវីដជាហូរហែ។

បច្ចុប្បន្នការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩​ ត្រូវបានរាជរដ្ឋាភិបាល បន្តចាត់ទុកជាយុទ្ធសាស្រ្ត​ដ៏​សំខាន់មួយ ដើម្បីធានានិរន្តរភាព សេដ្ឋកិច្ច និងការរស់នៅជាធម្មតា ​តាមបែបគន្លងថ្មី ជាមួយ​ជំងឺកូវីដ-១៩​។

សម្រាប់ប្រជាពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងកូវីដពីដូសមូលដ្ឋានរហូតដល់ ​ដូសជំរុញ គឺអាច​ទៅទទួលការចាក់វ៉ាក់សាំងនៅគ្រប់ទីតាំងសុខាភិបាលសាធារណៈ ឫទីតាំងចល័តរៀបចំដោយ​ក្រសួង​សុខាភិបាល សហការ​ជាមួយដៃគូរពាក់ព័ន្ធ៕

ដោយ៖ សូរិយា


ចែករំលែក៖