ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងទៀតក្នុងចំណោមម៉ូតូ៣គ្រឿងដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញប្រកាសស្វែងរកម្ចាស់នោះត្រូវបានម្ចាស់មកទទួលយកទៅវិញហើយ

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ផេកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿងដែលជាម៉ូតូពាក់ព័ន្ធនឹងករណីចោរកម្ម ហើយបានយកមកទុក នៅចំណុចកន្លែងផ្ញើម៉ូតូ២៤ម៉ោង/២៤ម៉ោង នៅមុខផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

   បន្ទាប់ពីបានប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿងរួចមក កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1T-7338 ត្រូវបានម្ចាស់មកទទួលយកទៅវិញហើយ។ ដោយឡែកនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះម៉ូតូចំនួន០២គ្រឿងទៀត រួមមាន ៖ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E-4879 និងម៉ូតូម៉ាកស្គូពី ពណ៌ស លាយពណ៌ផ្កាឈូក គ្មានស្លាកលេខត្រូវបានម្ចាស់យកឯកសារមកបង្ហាញដល់សមត្ថកិច្ចកងរាជអាវុធហត្ថជាបន្តបន្ទាប់បញ្ជាក់ថាជាម្ចាស់ម៉ូតូពិតប្រាកដ និងទទួលយកទៅវិញផងដែរ។ ម្ចាស់ម៉ូតូទាំង០២គ្រឿងនេះបញ្ជាក់ឲ្យដឹងដូចគ្នាថា ត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពលួចកាច់កពីខេត្តព្រៃវែងអស់ជាច្រើនថ្ងៃមកហើយ ហើយពួកខ្លួនមិនបានប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថឱ្យបានដឹងពីព័ត៌មានស្តីពីការលួចនេះទេ តែបែរជាបានឃើញអាវុធហត្ថយកម៉ូតូរបស់ពួកខ្លួន ដែលចោរបានលួចទៅនោះមកប្រកាសស្វែងរកម្ចាស់នៅលើផេកកងរាជអាវុធហត្ថ ដែលធ្វើឲ្យពួកខ្លួនមានការភ្ញាក់ផ្អើល និងរំភើបបំផុត ព្រោះមិននឹកស្មានថានឹងអាចរកម៉ូតូរបស់ខ្លួននេះឃើញមកវិញឡើយ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖