ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានទទួលភេសជ្ជៈចំនួន ៧,០០០(ប្រាំពីរពាន់)កេសពីសប្បុរសជន សម្រាប់ឧបត្ថម្ភជូនដល់កងកម្លាំងគ្រប់ប្រភេទដែលបានចូលរួមបំពេញ បេសកកម្មក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅព្រះរាជាណាចក្រកម្ពុជានាពេលកន្លងទៅថ្មីៗនេះទទួលបានលទ្ធផលល្អប្រសើរ។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ាលាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកឃួង ស្រេងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកឧកញ៉ា ប្រធានក្រុមប្រឹក្សាភិបាលដែលបានផ្តល់ភេសជ្ជៈ ចំនួន៧,០០០(ប្រាំពីរពាន់)កេស ជូនរដ្ឋបាលរាជធានីភ្នំពេញសម្រាប់ឧបត្ថម្ភជូនដល់កងកម្លាំងគ្រប់ប្រភេទដែលបានចូលរួមបំពេញបេសកកម្មក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅ ព្រះរាជាណាចក្រកម្ពុជានាពេលកន្លងទៅថ្មីៗនេះ។
លោកបន្តថា អំណោយដ៏ថ្លៃថ្លានេះគឺជាការលើកទឹកចិត្តដ៏ធំធេងដល់កងកម្លាំងទាំងអស់ឱ្យប្តេជ្ញាយ៉ាងមោះមុតក្នុងការបំពេញភារកិច្ចជូនរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជា អគ្គមគ្គុទ្ទេសក៍ដ៏ឧត្តុង្គឧត្តម ក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗ ថែមទៀតជូនជាតិមាតុភូមិ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានបញ្ចប់កាលពីថ្ងៃទី១៤ខែវិច្ចិកាឆ្នាំ២០២២ នៅរាជធានីភ្នំពេញខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលបានដឹកនាំកិច្ចប្រជុំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ទទួលបានជោគជ័យយ៉ាងធំធេង និងបានធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ និងជាកិត្តិយសដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាទាំងមូល៕
ដោយ ៖ សំរិត