ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាកសិករខេត្តបាត់ដំបងសប្បាយរីករាយនឹងទិន្នផលស្រូវប៉ុន្តែអាក់អន់ស្រពន់ចិត្តនឹងតម្លៃស្រូវ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បើទោះជាបញ្ហាប្រឈមដោយសារទឹកជំនន់ក៏ដោយក៏ការប្រមូលផលស្រូវវស្សាលើកទី ២ ក្នុងខេត្តបាត់ដំបងនៅឆ្នាំនេះ ទទួលបាន​ទិន្នផលខ្ពស់គួរសម ប៉ុន្តែកំពុងប្រឈមបញ្ហាតម្លៃចុះថោកជាបន្តបន្ទាប់ ខណៈជី ថ្នាំកសិកម្ម មានតម្លៃខ្ពស់។ យ៉ាងណា ក៏ដោយក្រសួងកសិកម្មបានបញ្ជូនក្រុងមន្ត្រីជំនាញចុះទៅដោះស្រាយបញ្ហាទាំងនោះហើយ។

ប្រជាកសិករហាក់មានការរីករាយក្នុងចិត្តនៅពេលដែលទិន្នផលស្រូវឆ្នាំនេះទទួលបានផលល្អ។ ប៉ុន្តែអ្វីដែលជាកង្វល់នោះ គឺតម្លៃស្រូវនៅពេលកំពុងប្រមូលផលនេះហាក់ដូចជាមិនឆ្លើយតបទៅនឹងតម្លៃជី,ថ្នាំ កសិកម្មនោះឡើយ។ យ៉ាងណាក៏ដោយ ឆ្លើយតបនឹងកង្វល់របស់ប្រជាកសិករ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងពីការចាត់បញ្ជូនមន្រ្តី និងក្រុមការងារ នៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីចុះពិនិត្យ​ជាក់ស្ដែង និងរកដំណោះស្រាយសមស្របនៅនឹងកន្លែងជូនប្រជា កសិករនៅខេត្តបាត់ដំបងនោះហើយ។

កសិករក្នុងភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្ត បាត់ដំបង ​បានថ្លែងឱ្យដឹងថា ការបង្កបង្កើនផលស្រូវឆ្នាំនេះ ​មានលក្ខណៈងាយស្រួលជាងបណ្ដាឆ្នាំមុនៗ ដោយសារកត្តាអាកាសធាតុ​អំណោយ​ផលមានភ្លៀងធ្លាក់ច្រើន ​មានទឹកធ្វើស្រែគ្រប់គ្រាន់ ប៉ុន្តែព្រួយបារម្ភយ៉ាងខ្លាំង​ចំពោះបញ្ហា​តម្លៃស្រូវធ្លាក់ចុះជាបន្តបន្ទាប់។ប្រជាកសិករបាននិយាយថា បើទោះបីជាស្រូវស្រែប្រឈមនឹងទឹកចំនួនយ៉ាងណាក៏ដោយ ប៉ុន្តែឆ្នាំនេះទិន្នផលស្រូវទទួលបានខ្ពស់ជាងបណ្ដាឆ្នាំមុនៗ។

ឆ្លើយតបការព្រួយបារម្ភរបស់ប្រជាកសិករ​ ក្រសួងកសិកម្ម កាលពីរាត្រីថ្ងៃទី១៥ ខែវិច្ឆិកា នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ​អំពាវនាវដល់ប្រជាកសិករ ដែលជួបបញ្ហាជាក់ស្ដែងទាក់ទង​ទៅ​ផ្ទាល់ក្រុមការងាររបស់ក្រសួង តាមរយៈលេខទូរសព្ទ ០៩៥ ៩៥ ១១១១ ​សម្រាប់ខេត្តបាត់ដំបង ដើម្បីឱ្យក្រុមការងារក្រសួង ​អាចទទួលបានព័ត៌មានពេញលេញ និងសម្របសម្រួល​ជាមួយ​រោងម៉ាស៊ីនកិនស្រូវក្នុងតំបន់។

សូមបញ្ជាក់ថា តម្លៃស្រូវសើម ក្នុងស្រុកមោងឫស្សី ​បច្ចុប្បន្នប្រភេទស្រូវសែនក្រអូប ​ដែលពីមុន មានតម្លៃចន្លោះពី១២០០រៀលទៅ១៣០០រៀល ​បានធ្លាក់ចុះមកនៅត្រឹមចន្លោះ១០០០រៀល ទៅ ១១០០រៀល​ ចំណែកស្រូវប្រភេទស្រងែ ​ពីមុន ​តម្លៃចន្លោះពីជាង ១០០០រៀល បានធ្លាក់​ចុះមកនៅត្រឹម ជាង៨០០រៀល​ ទៅដល់ក្រោម ១០០០រៀល ក្នុងមួយគីឡូក្រាម ៕

ដោយ៖ សូរិយា


ចែករំលែក៖