ខេត្តព្រះសីហនុ ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃពុធទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ យោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនឯកជនមួយ មន្ត្រីស៊ើបអង្កេតការពារអ្នកប្រើប្រាស់ រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែវិច្ឆកានេះ បានចុះបង្ក្រាបទំនិញអត់ពន្ធនាំចូលនិងរំលោភកម្មសិទ្ធបញ្ញា ជាច្រើនទីតាំងនៅក្នុងខេត្តព្រះសីហនុ ក្នុងនោះមន្ត្រីកបប បានដកហូតនូវទំនិញជាច្រើនមានដូចជា ប្រេងកូឡារូបតាប៉ិ ថ្នាំដុសធ្មេញផ្កាឈូកពីរ ដែលសុទ្ធតែជាទំនិញអត់ពន្ធនាំចូលនិងក្លែងបន្លំម៉ាក រំលោភកម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុន។
មន្ត្រី ក.ប.ប បានឱ្យដឹងទៀតថា ទំនិញទាំងនោះមិនអនុញ្ញាតឱ្យលក់បន្តទៀតទេ ព្រោះជាទំនិញមិនស្របច្បាប់ ដែលជនខិលខូច នាំយកមកលក់ឲ្យបងប្អូនអាជីវករតែប៉ុណ្ណោះ តែទោះជាយ៉ាងណាក៏ដោយ គឺខាងក្រុមហ៊ុន មិនបានចាប់ពិន័យបងប្អូនអាជីវករទេ គឺខាងក្រុមហ៊ុនបានណែនាំឲ្យបងប្អូនអាជីវករ មកលក់នូវទំនិញ ដែលបានមានចុះបញ្ជីស្នាមត្រឹមត្រូវ របស់ក្រុមហ៊ុន ឃាង ហ៊ួត។
មន្រ្តីជំនាញ បន្តថា បន្ទាប់ពីរកឃើញទំនិញក្លែងបន្លំរបស់ក្រុមហ៊ុន ខាងមន្រ្តី ក.ប.ប មិនបានផាកពិន័យទៅលើអាជីវករទាំងនោះ គ្រាន់តែធ្វើការអប់រំណែនាំឲ្យឈប់លក់ទំនិញទាំងនោះទៀត។
រយៈពេល២ថ្ងៃខាងក្រុមហ៊ុន រួមជាមួយមន្ត្រី ក.ប.ប បានចុះពនិត្យតាមបណ្តាលផ្សារជាច្រើន ដូចជា៖ ផ្សារលើ, ផ្សារសាមគ្គីអូរចំណារ, ផ្សារឃ្លាំងលើ, ផ្សារវាលរេញ គ្រប់ផ្សារដែលបានចុះពិនិត្យ គឺសុទ្ធសឹងតែលក់ទំនិញមិនស្របច្បាប់។
ជាមួយគ្នានេះ តំណាងក្រុមហ៊ុន សូមប្រកាសជូនដំណឹងថា ក្រុមហ៊ុននឹងចាត់វិធានការក្តៅបន្ថែមទៀត ដើម្បីស្វែងរកជនដែលលួចនាំចូលផលិតផលទាំងនេះ មកផ្តន្ទាទោស និងសងជំងឺចិត្តឲ្យបានក្នុងពេលឆាប់នេះ និងសូមសំណូមពរដល់អាជីវករទាំងអស់ ឈប់លក់ទំនិញក្លែងបន្លំម៉ាក ឫទំនិញគេចពន្ធ មកលក់នៅទំនិញដែលមានក្រុមហ៊ុនច្បាស់លាស់ និងមានសិទ្ធិចែកចាយត្រឹមត្រូវវិញ។ បើសិនជាបងប្អូនអាជីវករនៅតែបន្តលក់នៅទំនិញក្លែងបន្លំម៉ាក ឫទំនិញគេចពន្ធ បងប្អូនអាជីវករ និងក្លាយជាជនរងគ្រោះនៅពេលដែល ក្រុមហ៊ុនប្ដឹង ឬខាងមន្រ្តីពាក់ព័ន្ធចុះអនុវត្តច្បាប់៕
ដោយ៖ សហការី