ខេត្តស្ទឹងត្រែង ៖ បុរសពីរនាក់ ដែលជាមុខសញ្ញាចោរលួចគោប្រជាពលរដ្ឋអ្នកស្រុក យកទៅពន្លះយកសាច់លក់នោះ ត្រូវបានចៅក្រមសាលាដំបូងខេត្តស្ទឹងត្រែង សម្រេចចេញដីកាឃុំខ្លួនហើយ កាលពីល្ងាច ថ្ងៃទី១៥ វិច្ឆិកាម្សិលមិញនេះ។ នេះបេីយោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បានឱ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។
ប្រភពដដែលបន្តថា ជនសង្ស័យចំនួន ២នាក់នេះទី១,ឈ្មោះ ហែម ហេង ភេទប្រុស អាយុ ៥៥ឆ្នាំ និងទី២,ឈ្មោះ យ័ន សុភ័ក្រ្ត ភេទប្រុស អាយុ ៥២ឆ្នាំ អ្នកទាំងពីរនាក់ មានទីលំនៅ ភូមិ-ឃុំ កើតហេតុ ខាងលើ។
មន្រ្តីដដែល បានឱ្យដឹងទៀតថា ជនរងគ្រោះត្រូវជាម្ចាស់គោឈ្មោះ ផាន់ តូ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង បានមកដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ច។ ភ្លាមនោះកម្លាំងសមត្ថកិច្ចជំនាញខេត្ត បានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនកាលពីថ្ងៃទី ១៣ វិច្ឆិកា ឆ្នាំ២០២២។
គួររម្លឹកផងដែរថា ជនសង្ស័យពីរនាក់នេះ បានធ្វេីសកម្មភាពលួចកាប់គោអ្នកស្រុកមួយក្បាល រួចពន្លះយកសាច់ នៅក្នុងចំការស្វាយមួយកន្លែង ស្ថិតក្នុងភូមិសំរោង ឃុំស្រែសំបូរ ដោយជនសង្ស័យ បានយកកាំបិតពូថៅពន្លះសាច់គោ រួចច្រកបាវយកទៅលក់ ប៉ុន្តែត្រូវអស់លក្ខណ៍ ទេីបសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង៕
ដោយ៖សហការី