ព័ត៌មានទាន់ហេតុការណ៍៖

G20 ៖ ជម្លោះរុស្ស៊ី-អ៊ុយក្រែនធ្វើឱ្យសេដ្ឋកិច្ចពិភពលោកកាន់តែចុះខ្សោយ

ចែករំលែក៖

បន្ទាប់ពីកិច្ចប្រជុំកំពូលG20រយៈពេលពីរថ្ងៃនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីរួចមក នារសៀលថ្ងៃទី ១៦ ខែវិច្ឆិកា បានអនុម័តសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំដែលសង្កត់ធ្ងន់លើដំណោះស្រាយរូបិយវត្ថុ ក៏ដូចជាផលប៉ះពាល់នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។
លើផ្នែកសេដ្ឋកិច្ច សេចក្តីថ្លែងការណ៍របស់មេដឹកនាំ G20 បានសង្កត់ធ្ងន់ថា ធនាគារកណ្តាល G20 កំពុងតាមដានយ៉ាងដិតដល់នូវផលប៉ះពាល់នៃសម្ពាធតម្លៃលើការរំពឹងទុកនៃអតិផរណា ហើយនិងបន្តកែតម្រូវឱ្យបានសមស្របនូវល្បឿននៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ខណៈពេលដែលបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជៀសវាងការប្រែប្រួលនៃអត្រាប្តូរប្រាក់លើសលប់ ដោយសារ “រូបិយប័ណ្ណជាច្រើនបានជួបប្រទះនឹងភាពប្រែប្រួលគួរឱ្យកត់សម្គាល់” នៅឆ្នាំនេះ។
នៅថ្ងៃពុធនេះ ដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ ក្រុមមេដឹកនាំនៃប្រទេស G20 បានអនុម័តលើសេចក្តីថ្លែងការណ៍រួមមួយដែលថ្កោលទោសក្នុងន័យធ្ងន់ៗបំផុតចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ព្រមទាំងទាមទារឱ្យរុស្ស៉ីដកកងកម្លាំងដោយឥតលក្ខខណ្ឌអ្វីទាំងអស់ចេញពីអ៊ុយក្រែនវិញ។
សេចក្តីថ្លែងការណ៍រួមរបស់ G20 បានលើកឡើងដូច្នេះថា «សមាជិកភាគច្រើនថ្កោលទោសជាខ្លាំងចំពោះសង្រ្គាមនៅអ៊ុយក្រែន»។ ពាក្យពេចន៍បែបនេះ ជាសញ្ញាបង្ហាញថា រុស្ស៉ីដែលជាសមាជិក G20 ដែរនោះ គឺទំនងជាបានជំទាស់នឹងខ្លឹមសារថ្កោលទោសធ្ងន់ៗនេះ។ ចំណែកឯចិននិងឥណ្ឌា ដែលបានបោះឆ្នោតអនុបវាទលើសេចក្តីសម្រេចស្រដៀងគ្នាមួយ របស់អង្គការសហប្រជាជាតិ (UN) កាលពីខែមីនា គឺមិនច្បាស់ថាបានប្រកាន់ជំហរបែបនេះចំពោះសេចក្តីថ្លែងការណ៍រួមរបស់ G20 ឡើយ។
ខ្លឹមសាររបស់សេចក្តីថ្លែងការណ៍រួមខាងលើបានបន្តទៀតថា «ការប្រើប្រាស់ ឬមួយក៏ការសម្លុតគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជាទង្វើមិនអាចទទួលយកបានជាដាច់ខាត។ ការប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិនិងប្រព័ន្ធពហុភាគីនិយម គឺមានសារៈសំខាន់បំផុត ដើម្បីរក្សាការពារសន្តិភាពនិងស្ថិរភាព។ ក្នុងនោះរួមមានទាំងការការពារគោលបំណងនិងគោលការណ៍ទាំងអស់ដែលតម្កល់ទុកនៅក្នុងធម្មនុញ្ញរបស់ UN ហើយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ»។
សមាជិក G20 រួមមានសហភាពអឺរ៉ុប (EU) និងប្រទេស១៩ទៀតដូចជា អាហ្សង់ទីន អូស្ត្រាលី ប្រេស៉ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៉ី អ៉ីតាលី ជប៉ុន កូរ៉េខាងត្បូង ម៉ិចស៉ិក
រុស្ស៉ី អារ៉ាប៊ីសាអ៊ូឌីត អាហ្វ្រិកខាងត្បូង តួកគី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ VOV


ចែករំលែក៖