ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

    ខេត្តកំពង់ស្ពឺ៖ យោងតាមរបាយការណ៍ដែលអង្គភាពយើងទើបតែទទួលបានពីសមត្ថកិច្ចខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២២នេះបានឱ្យដឹងថា មានបុរសម្នាក់បានស្លាប់ភ្លាមៗ ចំណែកប្រពន្ឋកូននិងក្មួយ៤នាក់ទៀតបានរងរបួសធ្ងន់និងស្រាល ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នា។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅត្រង់ចំណុចភូមិក្រាំងត្បែង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៧០-៧១ កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២២។

   សមត្ថកិច្ចដដែលបានដឹងទៀតថាជនរងគ្រោះដែលស្លាប់មានឈ្មោះ ឈួន ប្រុស អាយុ២៦ឆ្នាំ ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត។ ចំណែកអ្នករួមដំណើរជាមួយដែលរងរបួសរួមមាន៖ ១.ឈ្មោះ សួ ស្រីណុច អាយ្២៧ឆ្នាំ ត្រូវជាប្រពន្ឋរងរបួស្រាល, ២-ឈ្មោះប្រុស ស៊ូស៉ីន ភេទស្រី អាយុ៤ឆ្នាំត្រូវជាកូនរងរបួសស្រាល,  ៣.ឈ្មោះប្រុស លីគ័រ ភេទប្រុស អាយុ១ឆ្នាំរងរបួសស្រាល, ៤.ឈ្មោះចាប វីរៈ ភេទប្រុស អាយុ១២ឆ្នាំ រងរបួសស្រាល ជនរងគ្រោះទាំង៥នាក់នេះរស់នៅភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង  ខេត្តកំពង់ស្ពឺ ។ ឈ្មោះឈួន ប្រុស បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស បាញ់ថ្នាំពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ២K-២៩០២ព្រមទាំងអ្នករួមដំណើជាមួយ៤នាក់។  ប្រភពបានបន្តទៀតថាជនរងគ្រោះបើកបររថយន្តក្នុងទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានទៅបុករថយន្តមួយគ្រឿងដែលបម្រុងបត់ឆ្វេងឆ្លងផ្លូវម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញ​ធុនតូច ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ ២A-៦០៧៦ បើកបរដោយឈ្មោះប៉ូយ ពែង  ភេទប្រុស  អាយុ៤៨ឆ្នាំ (រត់គេចខ្លួនបាត់) រស់នៅភូមិក្រាំងត្បែង ឃុំត្រពាំងជោ​រ ស្រុកឱរ៉ាល់(បើកបរស្របគ្នាពេញទំហឹង)។

   ក្រោយកើតហេតុកម្លាំងជំនាញបានចុះវាស់វែងនៅកន្លែងកើតហេតុ  រីឯវត្ថុតាងរថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖