ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចុះស្រាវជ្រាវ និងឃាត់ខ្លួនបាន ក្រោយគេចខ្លួនបានរយៈពេល២ថ្ងៃ បន្ទាប់ធ្វើសកម្មភាព ហៅឡំប្រឺតា ដល់កន្លែងស្ងាត់ ក៏បានឆក់ទូរស័ព្ទ របស់អ្នករត់ផាស់អាប់រត់។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ យឺន សំអូន អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅម៉ោង២យប់រំលងអធ្រាត្រឈានចូល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ក្រោយពីជនសង្ស័យរូបនេះ រត់គេចខ្លួនបាន២ថ្ងៃ។
លោក ហ៊ាង ថារ៉េត បន្តថា ៖ នៅថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យបានហៅឡំប្រឺតា របស់ជនរងគ្រោះ ឱ្យដឹកជនសង្ស័យពីផ្សារជម្ពូវ័ន្ត នៅចំណុច ផ្លូវK5 ក្រុម៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានឈប់ រួចជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះរួចរត់គេចខ្លួនបាត់។ លុះដល់វេលាម៉ោង០២:០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២២ កំលាំងជំនាញខណ្ឌបានធ្វើការស្រាវជ្រាវរហូតឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យ រួមទាំងវត្ថុតាងទូរស័ព្ទជនរងគ្រោះ មកកាន់អធិការដ្ឋានខណ្ឌឬស្សីកែវដើម្បីធ្វើការសួរនាំនិងចាត់ការតាមនីតិវិធី ៕
ដោយ៖ ជីណា