ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីបើកលេងល្បែងសុីសងខុសច្បាប់

ចែករំលែក៖

ខេត្ត​កំពង់ចាម ៖ នេះបេីយោង​តាមរបាយការណ៍របស់ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះថា៖​ កម្លាំងនគរបាលស្រុក​ស្រីសន្ធរ​ បានចុះស្រាវជ្រាវ​ និងបង្រ្កាបករណីបើកលេងល្បែងសុីសងខុសច្បាប់ (លក់​កន្ទុយ​លេខ​ឆ្នោត​វៀតណាម​ខុសច្បាប់)​ ដោយឃាត់ខ្លួនបុរសម្នាក់​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ 

របាយការណ៍​ដដែល​បន្តថា​ បន្ទាប់ពីទទួល​បានបណ្តឹងពីប្រជាពលរដ្ឋភ្លាម កាលពីវេលាម៉ោង​ ៣​ និង៣០នាទី​រសៀល​ថ្ងៃទី១៦ ខែវិច្ឆកាម្សិលមិញនេះ​ លោកឧត្តមសេនីយ៍​ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​ស្រីសន្ធរ​ និងអាជ្ញាធរមូលដ្ឋាន​ចុះបង្រ្កាប​ជាក់ស្ដែង​តែម្តង​។ 

ក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពី លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីបើក និង​លេងល្បែងសុីសងខុសច្បាប់ (លក់​កន្ទុយ​លេខ​ឆ្នោត​វៀតណាម​ខុសច្បាប់) នៅចំណុច​តាម​ផ្លូវ​ស្ថិតនៅភូមិគោកចារ ឃុំព្រែក​ពោធិ៍​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម ។

ជាលទ្ធផលបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០១នាក់ឈ្មោះ​​ គូ​ ឡេង​ ភេទប្រុស​​ អាយុ៦០ឆ្នាំ​ ជាតិខ្មែ​រ មានទីលំនៅភូមិច្រុះ ឃុំព្រែក​ពោធិ៍​ ស្រុក​ស្រី​សន្ធរ​ ខេត្ត​កំពង់​ចាម​ ។ ដកហូតវត្ថុតាងរួមមាន៖

    ១-​ប្រាក់រៀល​ ចំនួន១៦០.០០០រៀល​ (មួយសែនប្រាំមួយម៉ឺនរៀល)

     ២-ទូរស័ព្ទដៃចំនួន០១គ្រឿង​

     ៣-ក្រដាស​កត់​លេខឆ្នោត​ចំនួន០២សន្លឹក​

    ៤-ប៊ិចចំនួន០១ដេីម​។

បច្ចុប្បន្ន​ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើនៅព្រឹកថ្ងៃទី១៧​ ខែវិច្ឆិកា​នេះ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ​តាម​បញ្ជាលោក​ សុធា​ ពិសិដ្ឋ ​ព្រះ​រាជ​អាជ្ញារង​ នៃអយ្យការអម​សា​លា​ដំបូង​ខេត្ត​កំពង់ចាម​ ៕

ដោយ​៖សហការី​


ចែករំលែក៖