ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់ប្រឈមនឹងការវាយប្រហារភេរវកម្មជាបន្តបន្ទាប់

ចែករំលែក៖

យ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់ និង១០នាក់បានរងរបួសនៅក្នុងឧប្បត្តិហេតុបាញ់ប្រហារកាលពីថ្ងៃទី១៦ ខែវិច្ឆិកានៅផ្សារមួយក្នុងទីក្រុង Izeh ខេត្ត Khuzestan ភាគនិរតីនៃប្រទេសអុីរ៉ង់។
ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អុីរ៉ង់បានដកស្រង់សម្តីមន្ត្រីខេត្ត Khuzestan ដែលបាននិយាយថា នៅវេលាម៉ោង៥និង ៣០នាទីល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) បុរសប្រដាប់អាវុធពីរនាក់ជិះម៉ូតូពីរគ្រឿងបានបើកការបាញ់ប្រហារទៅលើប្រជាជន កងកម្លាំងប៉ូលិស និងសន្តិសុខនៅផ្សារកណ្តាល Izeh ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars អ្នកវាយប្រហារបានប្រើកាំភ្លើង Kalashnikov ។
លោក Valiollah Hayati អភិបាលរងខេត្ត Khuzestan បានប្រាប់ទូរទស្សន៍រដ្ឋថា យុវជន៣នាក់ កុមារីអាយុ៩ឆ្នាំម្នាក់ និងស្ត្រីម្នាក់បានស្លាប់។ លោក Hayati បានប្រាប់ទូរទស្សន៍ Press TV ថាចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលមនុស្សជាច្រើនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុកដោយត្រូវគ្រាប់កាំភ្លើង ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មន្ត្រីអុីរ៉ង់បាននិយាយថា ការវាយប្រហារនេះបានកើតឡើងខណៈដែលកម្លាំងសន្តិសុខកំពុងព្យាយាមបំបែកក្រុមកុបកម្ម។
អាជ្ញាធរកំពុងស៊ើបអង្កេត និងចាប់ខ្លួនអ្នកដែលទទួលខុសត្រូវចំពោះការបាញ់ប្រហារនេះ ដែលត្រូវបានគេជឿថាជា “ការវាយប្រហារភេរវកម្ម”។ មកដល់ពេលនេះ មិនទាន់មានក្រុមភេរវកម្មណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ យោងតាមសារព័ត៌មាន RT បានឱ្យដឹងថា នៅក្នុងឧបទ្ទវហេតុដែលទាក់ទងគ្នា សាលាសាសនាសម្រាប់ក្មេងស្រីនៅ Izeh ត្រូវបានដុតបំផ្លាញដោយក្រុមកុបកម្ម។
ទីភ្នាក់ងារសារព័ត៌មាន IRNA បានរាយការណ៍ថា នៅក្នុងការវាយប្រហារមួយផ្សេងទៀត ខ្មាន់កាំភ្លើងបានបាញ់សម្លាប់សមាជិកពីរនាក់នៃកម្លាំងទាហានប៉ារ៉ាអុីរ៉ង់ Basij នៅកណ្តាលទីក្រុង Isfaha។
ក្នុងការវាយប្រហារទាំងពីរនេះ ខ្មាន់កាំភ្លើងត្រូវបានគេនិយាយថាកំពុងធ្វើដំណើរតាមម៉ូតូ។ មូលហេតុនៃការបាញ់ប្រហារនេះ មិនត្រូវបានដឹងទេ ហើយក៏មិនច្បាស់ដែរថា តើឧបទ្ទវហេតុទាំងពីរនេះពាក់ព័ន្ធនឹងការតវ៉ាដែលកំពុងផ្ទុះឡើងនៅទូទាំងប្រទេសអុីរ៉ង់ឬក៏យ៉ាងណា៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ nld.com.vn


ចែករំលែក៖