ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ ហើយម្នាក់ជាជនជាតិឡាវត្រូវបានឃាត់ខ្លួនពីបទឆក់ត្រីដោយខុសច្បាប់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យពីរនាក់ម្នាក់ជនជាតិឡាវ បានប្រើឧបករណ៍នេសាទឆក់ត្រីខុសច្បាប់ ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលជលផល សហការជាមួយឆ្មាំទន្លេ មន្ត្រីយោធាវរៈការពារព្រំដែន ឃាត់ខ្លួនកាលពីវេលាម៉ោង ៥ទាបភ្លឺ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចអន្លង់អភិរក្សត្រីមេពូជស្ថិតក្នុងភូមិសាស្ត្រកោះបន្ទាយ តាមដងទន្លេមេគង្គលើ ក្នុងឃុំព្រះរំកិល ស្រុកបុរីអូស្វាយសែនជ័យ។

លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលបានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន ១-ឈ្មោះ ប៊ូ លាន ជនជាតិឡាវ  ភេទប្រុស អាយុ២៩ឆ្នាំមានទីលំនៅភូមិកោះស្តាំ ស្រុកមឿងខូង ខេត្តចំប៉ាសាក់និង២-ឈ្មោះ ម៉ី ណយ ជនជាតិខ្មែរអាយុ២៥ឆ្នាំ ជាគូកន មានទីលំនៅភូមិកោះល្ង ឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោកនាយខណ្ឌបានបន្តថា ករណីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ កម្លាំងល្បាតបានសហការជាមួយក្រុមការពារសន្តិសុខព្រំដែនដែលបានចុះធ្វើប្រតិបត្តិការពេលយប់ក៏បានប្រទះឃើញជនសង្ស័យ ២នាក់ បានយកត្រីគ្រប់ប្រភេទដែលបានពីការឆក់ខុសច្បាប់ មានចំនួនប្រមាណជាង៣០គីឡូក្រាមបម្រុងយកទៅលក់ ទើបឃាត់សួរនាំ បានបែកធ្លាយរឿងប្រើប្រាស់ឧបករណ៍ឆក់ត្រី  និងឲ្យយកវត្ថុតាងដែលលាក់ទុក មានអាគុយនិងក្បាលឆក់មួយគ្រឿង ពណ៌ក្រហមមានកម្លាំង២២.០០០វ៉ាត យកមកប្រគល់ឲ្យសមត្ថកិច្ច។

តាមចម្លើយសារភាពជនសង្ស័យទាំងពីរនាក់ បានទទួលស្គាល់ថា ខ្លួនពិតជាបានប្រើប្រាស់ឧបករណ៍នេះមែន ព្រោះបានសហការគ្នាទិញឧបកលរណ៍ឆក់ត្រីនេះមកពីប្រទេសឡាវក្នុងតម្លៃ២សែនលុយគីប ដើម្បីយកមកឆក់ត្រីរកប្រាក់ចែកគ្នា ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។

 ក្រោយពីការឃាត់ខ្លួនសមត្ថកិច្ចជំនាញបាននាំជនសង្ស័យមកខណ្ឌជលផល សួរនាំនិងធ្វើកំណត់ហេតុបញ្ជូនជនសង័្សយទាំងពីរនាក់ទៅកាន់តុលាការខេត្តដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ៖ សូរិយា


ចែករំលែក៖